
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៦ ហើយដោយនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានការប្រកួតចំនួន២គូ នឹងប៉ះគ្នានៅ២ទីលានផ្សេងគ្នា។ ខណ:ក្លិបបាល់ទាត់វិសាខា នឹងត្រូវបើកទ្វាកីឡដ្ឋាន ព្រីនស៍ ដើម្បីទទួលក្រុម ឈរតកំពូលតារាង គឺព្រះខ័នរាជស្វាយរៀង។
ជុំវិញការជួបគ្នានេះគ្រូបង្វឹកក្លិបបាល់ទាត់វិសាខាលោក Simon Mcmenemy បានបង្ហាញចំណាប់អារម្មណ៍មុនការប្រកួតដ៏ធំ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នាថ្ងៃស្អែកថា៖«ខ្ញុំគិតថា ការប្រកួតថ្ងៃស្អែកនេះ ជាការប្រកួតដ៏អស្ចារ្យមួយ ដែលពួកយើងមានបន្ទុកត្រូវស្វែងរកជ័យជម្នះត្រឡប់មកវិញ បន្ទាប់ពីពួកយើងរងបរាជ័យមួយរយៈពេលចុងក្រោយ ។ ខ្ញុំធានាថា ទាំងអស់គ្នា នឹងប្រឹងប្រែងអស់ពីសមត្ថភាពលើទីលាន។ ការប្រកួតសប្ដាហ៍មុន យើងរៀបចំខុសពេលវេលា ប៉ុន្ដែសប្ដាហ៍នេះ ប្រកួតនេះ យើងបានត្រៀមខ្លួនរួចហើយ ហើយយើងនឹងប្រមូលអារម្មណ៍ឲ្យបានល្អ ដើម្បីត្រឡប់មករកជ័យជម្នះវិញ»។
គ្រូបង្វឹករូបនេះ បានបន្តថា៖ «ទោះបីនេះជាការប្រកួតធំលំបាកក៏ដោយ ប៉ុន្ដែវាជាការទទួលខុសត្រូវរបស់ខ្ញុំ ។ នៅទីនេះ វិសាខា គឺជាក្លិបរំពឹងខ្ពស់ ដើម្បីក្លាយជាជើងឯក និងបានទៅលេង AFC Cup ។ អ៊ីចឹងនេះគឺជាការទទួលខុសត្រូវរបស់ខ្ញុំ ដើម្បីយកឈ្នះការប្រកួតស្អែកនេះ ។ ក្រុមទាំងមូល គឺខ្ញុំរៀបចំបានល្អហើយ ហើយទាំងអស់គ្នា ត្រូវបានក្លិបប្រាប់ផងដែរ យើងអត់អាចចាញ់ ៣ប្រកួតជាប់គ្នាទេ ។ ដូច្នេះខ្ញុំសង្ឃឹមថា នឹងមានប្រតិកម្ម និងការកែប្រែពីក្រុម ក៏ដូចជាកីឡាករ ដើម្បីត្រឡប់មករកភាពឈ្នះវិញ»។

នេះគឺជាជំនួនទី៦ នៅសប្ដាហ៍ទី៦ របស់ក្រុមទាំង ២ ដោយឆ្លងកាត់ ៥ប្រកួតកន្លងមក វិសាខា ឈរចំណាត់ថ្នាក់លេខ ៤ ឈ្នះ៣ ចាញ់ ២ មាន ៩ពិន្ទុ ខណ:ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ៥ប្រកួត ឈ្នះទាំង ៥ប្រកួត មាន ១៥ពិន្ទុពេញ។
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះ នឹងដំណើរការដល់ ខែ ឧសភា ឆ្នាំ២០២៤៕
