សិល្បៈ​ជាតិ​៖ ថ្មីៗ​នេះ​ ស្វាមី​តារា​ចម្រៀង​ សួស​ វីសា​ បាន​ត្រៀម​បញ្ចេញ​កម្មវិធី​ថ្មី​មួយ​បែប​សម្ភាស​បុគ្គល​ល្បីៗ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ ហើយ​លោក​ក៏​បាន​អញ្ជើញ​គ្រូ​កំសៀវ​ហោះ​ គឺ​លោក​គ្រូ​ឱស​ថបុរាណ​ ស៊ូ​ សេង​ហ៊ួរ​ មក​ចូល​រួម​ជា​ភ្ញៀវកិត្តិយស​។ ក៏​ប៉ុន្តែ​កម្មវិធី​នោះ​មិន​ទាន់​ត្រូវ​បាន​ចាក់​ផ្សាយ​ផង​ ក៏​ស្រាប់​តែ​ផ្ទុះ​ដំណឹង​ថា​ គ្រូ​កំសៀវ​ហោះ​ត្រូវ​ក្រសួង​សុខា​ភិបាល​បញ្ឈប់​រាល់​សកម្មភាព​ព្យាបាល​ទាំង​អស់​។

កម្មវិធី​បង្កើត​ថ្មី​របស់​លោក​ ថមមី​ មួយនេះ​មាន​ឈ្មោះ​ថា​ «ចង់​ដឹង​ Want​ To​ Know​» បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ ២១​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៣​ ហើយ​មាន​លោក​គ្រូ​កំសៀវ​ហោះ​ ស៊ូ​ សេង​ហ៊ួរ​ ជា​ភ្ញៀវ​កិត្តិយស​ដំបូង​ចូល​ខ្លួន​មក​ស្រាយ​បំភ្លឺ​រាល់​អាថ៌កំបាំង​ទាំង​ឡាយ​។ យ៉ាង​ណា​មិញ​ កម្មវិធី​នេះ​នៅ​មិន​ទាន់​បាន​ចាក់​ផ្សាយ​នៅ​ឡើយ​ទេ​ ដោយ​លោក​ ថមមី​ ទើប​តែ​បង្ហោះ​រូបភាព​សកម្មភាព​ពី​ក្រោយ​ឆាក​ខ្លះៗ​ និង​វីដេអូ ​Trailer​ ខ្លី​មួយ​ឱ្យ​មហាជន​ទន្ទឹង​ចាំ​ទស្សនា​តែ​ប៉ុណ្ណោះ​។

រហូត​ដល់​រសៀល​ថ្ងៃ​ទី​ ២៤​ ខែ​កញ្ញា ​ឆ្នាំ ​២០២៣​ នេះ​ សារព័ត៌មានត្រយង​ក៏​ស្រាប់​តែ​ទទួល​ដំណឹង​មក​ថា​ គ្រូ​កំសៀវ​ហោះ ​ស៊ូ ​សេងហ៊ួរ​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ អាជ្ញាធរ​ សម្រេច​ចុះ​ទៅ​បិទ​ផ្អាក​ ជា​លើក​ទី​៣​ ក្រោយ​ពី​បន្ត​ផ្សព្វផ្សាយ​ ព្យាបាល​ជំងឺ​ ថ្នាំ​បែប​បុរាណ​ ថត​បង្ហោះ​ផ្សាយ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ផេក​ បែប​ស្រើប​ស្រាល​ ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​សង្គម​ និង​វប្បធម៌​ ។

ការ​ឃាត់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ផ្លូវលំ​ ភូមិ​ដំណាក់​ធំ១​ សង្កាត់​ស្ទឹង​មានជ័យ​២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ ហើយ​តាម​ក្រសួង​សុខា​ភិបាល​ បាន​ឱ្យ​ដឹង​ថា​ កន្លង​មក​ក្រសួង​ និងសមត្ថកិច្ច បាន​ចុះ​បិទ​ផ្អាក​ចំនួន​២​លើក​មក​ហើយ​ ក្នុង​ខែ​មិនា​ ខែ​ឧសភា​ តែ​មិន​រាង​ចាល​ រើ​ពី​កន្លែង​មួយ​ ទៅ​បើក​កន្លែង​មួយ​ នៅ​បន្ត​ផ្សព្វផ្សាយ​ ថត​បង្ហោះ​រូបភាព​ប្លែកៗ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ វប្បធម៌​ សង្គម​ ទើប​ក្រសួង​សុខាភិបាល​ សហការ​ជាមួយ​សមត្ថកិច្ច​សម្រេច​​ ចុះ​បិទ​ផ្អាក​ជា​លើក​ទី​៣​នេះតែម្ដង​។

ដោយ​ឡែក​ ក្រោយ​ផ្ទុះ​ដំណឹង​នេះ​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហើយ​នោះ​ លោក​ ថមមី​ បាន​បង្ហោះសារ​ថា​ «វីវរហើយ ​លោក​គ្រូល្បី​ ស៊ូ ​សេងហ៊ួរ ​បិទ​ហើយ​ចង់​ដឹង​កុំ​ភ្លេច​តាម​ដាន​ផេក​ កម្មវិធី​ចង់​ដឹង​»។ ពោល​គឺ​លោក​នៅ​តែ​បន្ត​បង្ហោះ​ផ្សាយ​ពី​កម្មវិធី​នេះ​ដដែល​ ដោយ​មិន​លុប​វគ្គ​សម្ភាស​នោះ​​ឡើយ​។

កម្មវិធី​ «ចង់​ដឹង​ Want​ To​ Know​» ដែល​បង្កើត​ឡើង​ដោយ​លោក​ ថមមី​ នៅ​មិន​ទាន់​បញ្ជាក់​ថា​ គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ពេល​ណា​ឱ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ​ មាន​តែ​រង់ចាំ​តាម​ដាន​ទស្សនា​និង​ជ្រាប​បន្ត​ទៀត​៕

Share.