កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង  ក្រោមការសម្របសម្រួលពី លោកជា សុភ័ក្រ្ត ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងចុះទៅរុករកនិងពិនិត្យទីតាំងធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់ មួយកន្លែង និងបានដកហូតម៉ាស៊ីនខួងចំនួន ៣ គ្រឿងឃាត់ខ្លួនជនសង្ស័យ៦ នាក់។

ប្រតិបត្តិការរកទីតាំងរ៉ែខុសច្បាប់នេះ បានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ២៥ខែកក្កដាឆ្នាំ ២០២១ត្រង់ ចំណុចត្រពាំងធំក្នុងភូមិសាស្រ្ត ភូមិអន្លង់ស្វាយ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកធ្វើអាជីវកម្មរ៉ែនេះគឺធ្វើឡើងដោយលួចលាក់   ដាក់ម៉ាស៊ីនខួង  ដើម្បីយករ៉ែមិនមានច្បាប់អនុញ្ញាត ពីស្ថាប័នណាមួយឡើយ។

បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវដឹង ទើបឈានដល់ប្រតិបត្តិការដកហូតម៉ាស៊ីនខួង(រ៉ែ)ចំនួន ៣គ្រឿង និងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៦ នាក់ជាអ្នកពាក់ព័ន្ធ។

សមត្ថកិច្ចអាវុធហត្ថខេត្តក៏បានឲ្យដឹងដែរថា ពេលនេះកម្លាំងអាវុធហត្ថកំពុងតែបន្តរុករកម៉ាស៊ីនខួងនិងសម្ភារៈបម្រើឱ្យមធ្យោបាយបទល្មើសខុសច្បាប់បន្ថែមទៀត។

ចំណែកជនសង្ស័យ ចំនួន៦ នាក់សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ ដោយកំពុងតែបន្តនីតិវិធី នៅឡើយ៕

 

អត្ថបទ៖វិមានមាសឥសាន្តស្ទឹងត្រែង

Share.