សមត្ថកិច្ចស្រុកខ្សាច់កណ្តាលបានចាប់ខ្លួនមនុស្ស៣នាក់ករណីកាប់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់នៅរោងចិញ្ចឹមទាដោយសារខឹងជនរងគ្រោះ ស្រឡាញ់នារីដែលខ្លួនស្រឡាញ់កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៣។

ជនរងគ្រោះមានឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកពងទា មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានរងរបួសធ្ងន់។

លុះដល់ថ្ងៃទី២៦ខែកញ្ញាដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន៖

១.ឈ្មោះ ប៉ន រ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។សមត្ថកិច្ចបានឃាត់ខ្លួនថ្ងៃទី២៦.០៩.២០២៣ ។

២.ឈ្មោះ សម្បត្តិ ធារ៉ា ហៅត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ជនសង្ស័យរូបនេះមានសារធាតុញៀននៅក្នុងខ្លួន។ ៣.ឈ្មោះ ជុន ចេមស្បោន ហៅ ចេម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំកន្ទី១ ស្រុកបាណន់ ខេត្តបាត់ដំបង សមត្ថកិច្ចរកសារធាតុញៀនដូចគ្នា។ជនសង្ស័យទាំង២នាក់នេះត្រូវសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៥ខែកញ្ញា។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា      កាលពីថ្ងៃទី០៩.០៧.២០២៣ ម៉ោងប្រហែល ៤ទៀបភ្លឺ ឈ្មោះ ម៉ៅ បានទៅរោងចាំសត្វទា ក៏ឃើញជនរងគ្រោះដេកនៅលើគ្រែក្នុងរោងចាំសត្វទានោះ មានរបួសរយះដងខ្លួនជាច្រើនកន្លែង ឈាមហូរស្រោចពេញខ្លួន រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុង និងបានទាក់ទងឡានពេទ្យដឹកជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នោះ ជនរងគ្រោះបានបាត់ទូរស័ព្ទ ០១គ្រឿង។

រហូតដល់ថ្ងៃទី២៦.០៩.២០២៣ កម្លាំងជំនាញបានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ ប៉ន រ៉ាន់ ហើយបានហៅមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ កន្លងមកខ្លួន និងឈ្មោះ យ័ន ភេទស្រី មានទំនាក់ទំនងស្នេហា និងគ្នា ហើយជនរងគ្រោះឈ្មោះ ស៊ាន់ សេងហ័ង ក៏មានទំនាក់ទំនងស្នេហាជាមួយឈ្មោះ យ័ន នោះដែរ ក្នុងនោះខ្លួនធ្លាប់និយាយប្រាប់ជនរងគ្រោះកុំឲ្យទាក់ទងជាមួយឈ្មោះ យ័ន ជាសង្សាខ្លួន។

លុះដល់ថ្ងៃទី០៩.០៧.២០២៣ វេលាម៉ោង ០២រំលងអធ្រាត្រ ខ្លួនបានបបួលឈ្មោះ សម្បត្តិ ភារ៉ា និងឈ្មោះ ជុន ចេមស្បោន ទៅកាប់ជនរងគ្រោះ ដោយជិះម៉ូតូ ០១គ្រឿង MSX ឌុបគ្នាទៅកាប់ជនរងគ្រោះ នៅរោងទា ដោយខ្លួន កាន់កាំបិត ០១ ពេលទៅដល់ខ្លួននិងឈ្មោះ សម្បត្តិ ភារ៉ា និងឈ្មោះ ជុន ចេមស្បោន រួមនិងខ្លួនបានចូលទៅក្នុងរោងទា ហើយកាប់ទៅលើឈ្មោះ ស៊ាន់ សេងហ័ង កំពុងដេកលើគ្រែត្រូវជាច្រើនកាំបិតហូរឈាម រួចក៏នាំគ្នាជិះចេញទៅផ្ទះឈ្មោះ យ័ន វិញ យកកាំបិតលាក់ទុក ហើយខ្លួនដោះអាវយឺត ពណ៌ស ដៃវែង ដែលប្រលាក់ឈាមដុតចោលបាត់ ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.