ខ្សែបម្រើការពារ Yuta Kikuchi ជនជាតិជប៉ុន បង្ហាញខ្លួនសារជាថ្មីឱ្យណាហ្គាវើលដ៍ នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ សប្តាហ៍ទី៦ ក្រោយខកខានជាង៤ខែ ដោយសារបញ្ហារបួស។

Yuta Kikuchi ប្តូរចូលនៅនាទី ៨២’ ក្នុងជំនួបម្ចាស់ផ្ទះណាហ្គាវើលដ៍ ស្មើ១-១ ជាមួយគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា កន្លងទៅ ស្របពេលបង្ហាញខ្លួនលើកចុងក្រោយរបស់ Yuta គឺនៅក្នុងជំនួបដែលណាហ្គាវើលដ៍ ចាញ់ភ្នំពេញក្រោន ២-១ ក្នុងពានរង្វាន់ Cambodian League Cup 2023 កាលពីថ្ងៃទី១៣ ខែមីនា។

អំឡុងពេលរបួសដាច់សសៃកែងជើងខ្សែបម្រើការពារ Yuta Kikuchi រូបគេបានវះកាត់ជោគជ័យនៅប្រទេសជប៉ុន និងប្រើពេលអស់ ១២៨ថ្ងៃ ក្នុងការព្យាបាលទាំងនៅប្រទេសជប៉ុន និងនៅកម្ពុជា។

បច្ចុប្បន្នក្លិបបាល់ទាត់ណាហ្គាវើលដ៍ កំពុងស្ថិតនៅលេខរៀងទី៦ នៃតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់៣ មាន៥ពិន្ទុ ខណ:នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ណាហ្គាវើលដ៍ នឹងត្រូវជួប បឹងកេត នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:០០នាទីល្ងាច៕

Share.