សិល្បៈជាតិ​៖ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ ឆ្នាំ​២០២៣ នៅ​ក្នុ​ងសហគម​អនឡាញ​ក្នុង​​​ចង្កោម​អ្នក​គាំទ្រ​រឿង​ភាគ​ TVB ដែល​មាន​ឈ្មោះ​ក្រុម​ឬ Group ​ថា​ TVB Cambodia Fan Club​II បាន​លើក​យក​ប្រធាន​បទ​ក្ដៅ​ពាក់​ព័ន្ធ​នឹង​ករណី​​ហេតុ​អ្វី​បាន​ជា​បរទេស​ ឬចិន​​ហុងកុង​ទៅ​ថត​រឿង​នៅ​ប្រទេស​ថៃ​ តែ​មិន​មក​ថត​នៅ​ខ្មែរ​ និង​រឿង​ដែល​ភ្ញៀវ​ទេសចរណ៍​សំរុក​ទៅ​លេង​ប្រទេស​ជិត​ខាង​ តែ​មិន​មក​កម្សាន្ត​នៅ​ប្រទេស​ខ្មែរ​ជា​ដើម​។

ពិត​ណាស់​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ការ​ជជែក​វែកញែក​គ្នា​ច្រើន​ពាក់ព័ន្ធ​នឹង​ករណី​ភាពយន្ត​ចិន​មួយ​មាន​ចំណង​ជើង​ថា​ «No More Bet» ដែល​សាច់​រឿង​បាន​លាតត្រដាង​ពី​ ការ​ប្រព្រឹត្តិ​ល្បែង​ស៊ីសង​នៅ​លើ​អនឡាញន៍​​ ការ​បោកប្រាស់​តាម​ប្រព័ន្ធអនឡាញ​ ដោយ​មាន​គ្រប់​រូប​ភាព​ដូច​ជា​ ការ​ជួញ​ដូរ​មនុស្ស​ និង​ ការ​ចាប់​ជំរិត​ ជា​ដើម​។ ដោយ​សារ​តែ​បែប​នេះ​ទើប​ធ្វើ​ឱ្យ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​សម្ដែង​អារម្មណ៍​មិនសប្បាយ​ចិត្ត​ ព្រោះ​យល់​ថា​កុន​ចិន​មួយ​នេះ​កំពុង​តែ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​និង​កិត្តិយស​ប្រទេស​កម្ពុជា​កាន់​តែ​យ៉ាប់​យឺន ហើយ​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ថែម​ទៀត​​។ យ៉ាងណា​មិញ​បើ​ងាក​មក​ចាប់​អារម្មណ៍​ក្រុម​អ្នក​និយម​ទស្សនារឿង​ភាគ​ចិន​ហុងកុង TVB​ បានវិភាគ​និង​បញ្ចេញ​ទស្សនៈ​ចំពោះ​ករណី​​ខាង​លើ​ផ្ទុយ​គ្នា​ ដោយ​ការ​លើក​ឡើងនេះ​ កើត​មាន​ព្រោះ​តែ​សាច់​រឿង​ TVB មួយដែល​ទើប​​បញ្ចាំងចប់​នៅ​លើ​ឆាណែល Youtube TVB គឺ​រឿង​«ភ្នាក់ងារ POTT បង្ក្រាបបទ​ល្មើស​» ក៏​មាន​រំលេច​ពី​តួ​អង្គចិត្ត​អាក្រក់​២​រូប​ ដែល​មាន​ពាក់ព័ន្ធ​នឹង​ប្រទេសកម្ពុជា​ដែរ។

ការ​លើក​ឡើង​នោះ​មាន​សេចក្ដី​លម្អិត​ដូច​តទៅ​៖​ «​មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​គេ​ថត​នៅ​ថៃ​ ​គេ​មិន​ថត​នៅ​ខ្មែរ​ ដោយ​សារ​តែ​យើង​គេ​និយាយ​ពី​ខ្មែរ​2-3​មាត់​សោះ​ ប្រតិកម្ម​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ព្រាត​។​ បើ​យើង​មើល​រឿង​ចិន​ហុងកុង​ជា​ច្រើន​ ​គេ​និយាយ​ពី​ថៃ​អាក្រក់​ៗ​ច្រើន​ណាស់​ ​ដូច​ជា​តួ​ឧក្រិដ្ឋជន​ ​ជួញដូរ​គ្រឿង​ញៀន​ ជួញ​ដូរ​ផ្លូវ​ភេទ​ ​ភេរវជន​​ចាប់​ជំរិត​ ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​ ​និង​ជា​ច្រើន​ទៀត​។ល។​ ហើយ​គេ​ទៅ​ថត​នៅ​ថៃ​ផ្ទាល់​ៗ​តែ​ម្ដង​ ​ប្រជាជន​គេ​ច្រើន​ណាស់​ បើ​គេ​ជេរ​និង​ទើស​ចឹង​មែន​​ ខ្ញុំ​ជឿ​ថា​ពួក​ចិន​ហុងកុង​គេ​មិន​សហការ​ផលិត​ជាមួយ​ថៃ​ទៀត​ទេ​។​ តែ​រឿង​ភ្ញៀវ​ទេសចរណ៍​មក​លេង​ខ្មែរ​ ​វា​មិន​អាស្រ័យ​ទៅ​លើ​រឿង​គេ​និយាយ​អាក្រក់​តែ​មួយ​មុខ​ទេ​ វា​អាស្រ័យ​ទៅ​លើ​ប្រជាជន​យើង​ផ្ទាល់​ថា​បាន​ផ្សព្វផ្សាយ​អ្វី​ខ្លះ​ដែល​ជួយ​ដល់​ប្រទេស​ជាតិ​ ដែល​ធ្វើ​ឱ្យ​​គេ​មាន​ចំណាប់​អារម្មណ៍​ចង់​មក​កម្សាន្ត​។ ​បើ​គេ​លេង​អាក្រក់​ពី​យើង​ ពួក​យើង​រួម​គ្នា​ផ្សព្វផ្សាយ​អរិយធម៌​ ​វប្បធម៌​ ​កន្លែង​ទេសចរណ៍​ឲ្យ​បាន​កាន់​តែ​ច្រើន​ រាជ​រដ្ឋាភិបាល​ពង្រឹង​ឲ្យ​ប្រទេស​មាន​សន្តិភាព​កាន់​តែ​ល្អ​ដើម្បី​ឲ្យ​ពិភពលោក​មើល​ឃើញ​ថា​យើង​មិន​អាក្រក់​ដូច​គេ​ថា​ទេ។ ​ប្រជាជន​ប្រទេស​ណា​ក៏​មាន​ល្អ​មាន​អាក្រក់​ដែរ​។​ យើង​កុំ​តូចចិត្ត​ពេល​គេ​និយាយ​អាក្រក់​ពី​យើង​ ​យើង​ត្រូវ​គិត​ថា​ធ្វើ​បែប​ណា​ទើប​ឲ្យ​ប្រទេស​យើង​ល្អ​ ឲ្យ​មាន​គេ​ស្គាល់​កាន់​តែ​ច្រើន​ឡើង​។ ​ឧបមា​ថា​ ​មាន​គេ​លេង​អាក្រក់​ពី​ខ្មែរ​ ​ដូច្នេះ​គេ​ ​search​ មើល​ហើយ​ថា​ ​ប្រទេស​ខ្មែរ​ចឹង​ដូច​គេ​ថា​អត់​?​ ​បើ​វា​ជា​រឿង​ពិត​ យើង​ត្រូវ​តែ​ពង្រឹង​ឡើង​វិញ​ ​តែ​វា​ជា​រឿង​ប្រឌិត​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​កាន់​តែ​ល្អ​។​ ហើយ​យើង​ជា​ប្រជាពលរដ្ឋ​ត្រូវ​តែ​ជួយ​គ្នា​ផ្សព្វផ្សាយ​ចំណុច​ល្អ​ៗ​ពី​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​ច្រើន​ មិន​ថា​ផ្សព្វផ្សាយ​តាម​ទម្រង់​បែប​ណា​នោះ​ទេ​។ ​ចាស​សូម​អរគុណ​ ​វា​គ្រាន់​តែ​ជា​ការ​គិត​របស់​ខ្ញុំ​ប៉ុណ្ណោះ​ ហើយ​ខមិន​ពិចារណា​តាម​ការ​គួរ​»​

អ្វី​ដែល​ជា​ការ​លើក​ឡើង​នេះ ត្រូវ​បាន​អ្នក​ស្ថិត​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា​យល់ស្រប​ទាំង​ស្រុង​ ដោយ​ភាគច្រើន​មតិ​មាន​ទំនោរ​ដាក់​បន្ទុក​​ចំពោះ​ ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដូច​ជា​ការ​លើក​ឡើង​របស់​អ្នក​លេង​បណ្ដាញ​សង្គម​រូប​នេះ​៖ ​«​បញ្ហា​ផ្សេង​ទៀត​គឺ​ធ្លាប់​ឭ​គេ​ថា​ពេល​បរទេស​ចង់​មក​ថត​ម្តង​ៗ​ត្រូវ​រត់​ការ​ឯកសារ​ច្រើន​មធ្យម​ទេ​ ងំ​មាន​លើ​តុ​ក្រោម​តុ​ឆ្វេង​ស្តាំ​មុខ​ក្រោយ​រញ៉េរញ៉ៃ​ច្រើន​ណាស់​រីឯ​តំលៃ​​ កន្លែង​ដេក​ ម្ហូប​អាហារ​របស់​របរ​ផ្សេង​ៗ​វិញ​គឺ​យើង​ដឹង​ស្រាប់​ហើយ​ខ្មែរ​គ្នា​ឯង​​ នៅ​លក់​កាប់​មិន​ដាក់​ទឹក​ ​ចុះ​ទំរាំ​សាសន៍​គេ​ទៀត​។​ មិន​ដូច​អ្នក​ជិត​ខាង​យើង​ទេ​គេ​ចេះ​ចុះ​តំលៃ​ហើយ​សេវាកម្ម​គេ​ល្អ​រាក់ទាក់​។ល។​»​ ​ខណៈ​ដែល​មាន​អ្នក​ចូល​មក​ឆ្លើយឆ្លង​ចំពោះ​ការ​លើក​ឡើង​នេះ​ដែរថា​៖ ​ប្រទេស​គេ​ បើ​បាន​ជន​បរទេស​មក​ថត​រឿង​គេ​បញ្ចុះ​តម្លៃ​ឱ្យ​ទៀត​ន៎​ ​តែ​ខ្មែរ​វិញ​ ​កោ​ សាហាវ​តែ​ខ្មែរ​គ្នា​ឯង​នៅ​កោ​»​ 

​មែនទែន​ទៅ​ការ​លើក​ឡើង​ជា​មតិ​ យោបល់ ឬ​វិភាគ​ ទាំង​អស់​​​ដែល​ក្រុម​អ្នក​គាំទ្រ​ភាពយន្ត​ TVB ​បាន​លើក​ឡើង​មក​នេះ​ សុទ្ធ​តែ​មាន​គោល​បំណង និង​ចេតនា​​រួម​តែ​មួយ​គត់​គឺ​ចង់ចូលរួម​​កែលម្អ សំដៅ​​ធ្វើ​យ៉ាង​ណាឱ្យ​ប្រទេស​កម្ពុជា​ ដើរ​ទាន់​ប្រទេស​ជិត​ខាង​ ជាពិសេស​គឺ​​តម្កល់ផល​​ប្រយោជន៍រួម​​​ ជូន​​ជាតិ​និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ឱ្យ​ទទួល​បាន​​​អត្ថប្រយោជន៍​ទាំង​អស់គ្នា​។

​សូម​ជម្រាបជូន​ថា​សម្រាប់​អ្នក​ដែល​និយម​ទស្សនា​ភាពយន្ត​ភាគ​ចិន​ហុងកុង TVB សម្បូរបែប​ ឬ​ចង់​ទស្សនា​រឿង​ភាគ​ «ភ្នាក់ងារ POTT បង្ក្រាបបទ​ល្មើស​» អាចតាម​ដាន​​ទស្សនា​បាន​ដោយ​សេរី​មិន​មាន​ចំណាយ​ប្រាក់​ នៅ​លើ​ឆាណែល​ Youtube​ ដែល​មាន​ឈ្មោះ​ថា​ TVB Cambodia Drama៕

ទស្សនា​ព័ត៌មាន​ខាង​លើ​នេះ​ទាំង​ស្រុងខាង​ក្រោម​នេះ​៖

Share.