បាត់ដំបង៖ ជំនន់ទឹកស្ទឹងសង្កែបានហក់ឡើងខ្លាំងត្រឹមរយ:ពេលខ្លី បង្កការជន់លិចផ្លូវជាតិលេខ៥ ផ្សារបឹងឈូក ចំណតរថយន្តបឹងឈូក និងកំណាត់ផ្លូវក្នុងក្រុងជាច្រើនកន្លែង។

ស្ថានភាពទឹកជំនន់ស្ទឹងសង្កែនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣នេះបានបង្កការប៉ះពាល់ដល់ផ្លូវសំខាន់ៗជាច្រើនកំណាត់ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច សង្កាត់ស្វាយប៉ោ ក៏ដូចជាបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង។

ជំនន់ទឹកភ្លៀងខាងលើនេះបានហក់ឡើងយ៉ាងគំហុកចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញាមក ដោយបានជន់លិចខ្លាំងនៅផ្នែកមួយចំនួនក្នុងភូមិសាស្ត្រក្រុងដូចជា: ជន់លិចកំណាត់ផ្លូវជាតិលេខ ៥ ប្រមាណជា២០០ម៉ែត្រ. កំណាត់ផ្លូវលេខ ៣ រាប់រយម៉ែត្រ កំណាត់ផ្លូវឡាអេ រាប់រយម៉ែត្រ ក្រៅពីនេះបានលិចធ្ងន់ធ្ងរនូវចំណតរថយន្តបឹងឈូង ផ្សារបឹងឈូក និងកំណាត់ផ្លូវជុំវិញផ្សារ រួមទាំងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនទៀតដែលបណ្តាលប្រជាពលរដ្ឋបិទកំណាត់ផ្លូវជាច្រើនកំណាត់ជាអន្លើហាមមិនឲ្យឆ្លងកាត់ផងដែរ។

ជំនន់ទឹកភ្លៀងដែលហូរចាក់យ៉ាងលឿនចូលក្នុងស្ទឹងសង្កែនេះមួយភាគធំមានប្រភពមកពីប៉ែកខាងលើនៃស្រុកសំឡូត គិតត្រឹមម៉ោង១២:០០នាទីថ្ងៃត្រង់នេះទឹកស្ទឹងបានឡើងដល់កម្ពស់១៤.០០ម៉ែត្រ គ្រាដែលកម្ពស់ទឹកស្ទឹងដែលត្រូវប្រកាសអាសន្នក្នុងកម្រិតកម្ពស់១៤.៥០ម៉ែត្រ៕

អត្ថបទ៖ ដំបងក្រញូង

Share.