
វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) មិនអាចដណ្តើមបានខ្សែក្រវាត់ជាលើកដំបូងពីកីឡាការិនី Danielle Kelly នៅសង្វៀន One Championship ក្នុងកម្មវិធី ONE Fight Night 14 នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី ក្រោយចាញ់ដោយពិន្ទុ។
មុនឡើងសង្វៀន One Championship កីឡាការិនី ខាន់ ចេសា ក៏ទើបតែឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនី Thamires Aquino សញ្ជាតិប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត។
ព្រឹត្តិការណ៍ IBJJF World Champion 2023 គឺជាការប្រកួតកម្រិតពិភពលោក Light Feather Weight Black Belt World Champion ដែលរៀបចំដោយ International Brazilian Jiu-Jitsu Federation (IBJFF) ធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក។

គួរដឹងថា ខាន់ ចេសា មានឪពុកជាជនជាតិខ្មែរ និងម្ដាយឈ្មោះ April Marie Khan ជនជាតិម៉ិកស៊ិក-អាមេរិក នៅក្នុងរយៈពេលជាង ១០ឆ្នាំ នៃការចាប់អាជីពកីឡាជឺជិតស៊ូ នាងធ្លាប់ឈ្នះមេដាយ និងពានរង្វាន់ស្ទើររាប់ភ្លេច ទាំងការប្រកួតតំបន់ អាមេរិក អឺរ៉ុប និងពិភពលោក។
កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន។
ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ វីរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយលើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ Women’s Ne-Waza No-OGI -52Kg ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន ឱ្យបោះបង់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ៕

