បាត់ដំបង÷ ភូមិចំនួន៩ ត្រូវបានទឹកជំនន់គ្របដណ្តប់ទាំងស្រុង និងភូមិចំនួន៣ផ្សេងទៀតកំពុងប៉ះពាល់ជាបណ្តើរក្នុងភូមិសាស្ត្រតំបន់ព្រំដែនស្រុកភ្នំព្រឹក។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឲ្យជុំវិញគ្រោះទឹកជំនន់នេះថា ៣ទៅ៤ថ្ងៃមកនេះតំបន់ស្រុកភ្នំព្រឹកទឹកភ្លៀងបានធ្លាក់ជាច្រើនមេជាប់ៗគ្នាបណ្តាលឲ្យឃុំចំនួន២ បានប៉ះពាល់ជន់លិចធ្ងន់ធ្ងរ ក្នុងនោះរួមមាន: ឃុំពេជ្រចិន្តា ប៉ះពាល់រួមមាន: ភូមិភ្នំតូច, ភូមិអូរចាស់ និងភូមិអូរថ្មី ដោយឡែកឃុំអូររំដួល ទឹកបានលិចទាំងស្រុងអស់នូវភូមិចំនួន៩ភូមិទៀត។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំព្រឹកបានប្រាប់ឲ្យដឹងថា ទឹកភ្លៀងបានធ្លាក់ជោកជំជាបន្តបន្ទាប់តាមបណ្តោយបន្ទាត់តំបន់ព្រំដែន ប៉ុន្មានថ្ងៃចុងក្រោយនេះបានបង្កជាទឹកជំនន់ជន់លិចយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ ពិសេសចាប់តាំងពីយប់ថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។

ប្រភពខាងលើបន្ថែមថា បរិមាណទឹកភ្លៀងយ៉ាងច្រើនជោកជាំនៅក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក នៅថ្ងៃទី៣ ខែតុលានេះកំពុងហូរស្រុងចាក់ចូលតាមអូរ និងប្រភពទឹកផ្សេងៗទៀតទៅតំបន់ក្បែរគ្នា ពិសេសស្រុកសំពៅលូន៕

អត្ថបទ៖ ដំបងក្រញូង

Share.