បាត់ដំបង÷ ទឹកភ្លៀងជន់ខ្លាំងច្រកអន្តរជាតិដូង ខេត្តបាត់ដំបង បានបិទចរាចរណ៍ជាបណ្តោះអាសន្ននូវការដឹកជញ្ជូនចេញចូលទំនិញផ្សេងៗ អនុញ្ញាតិត្រឹមតែថ្មើរជើងប៉ុណ្ណោះ។

លោក សុខ ដែន អភិបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីយប់ថ្ងៃទី៤ តុលាប៉ុន្មានម៉ោងមុននេះមន្ត្រីជំនាញពាក់ព័ន្ធទាំង២ភាគី កម្ពុជា – ថៃ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិដូងបានសម្រេចបិទជាបណ្តោះអាសន្នមួយរយ:សិននូវការធ្វើចរាចរណ៍ទំនិញចេញចូលគ្រប់ប្រភេទមិនឱ្យឆ្លងកាត់តាមកំណាត់ផ្លូវស្ពានផ្នែកខាងក្រោម ដោយអនុញ្ញាតិតែត្រឹមថ្មើរជើងប៉ុណ្ណោះដោយសារទឹកជំនន់បានកើនឡើងខ្ពស់។

មកទល់ត្រឹមម៉ោងជិត១២:០០នាទីថ្ងៃទី៤ នេះទឹកបានស្រកប្រមាណជា២តឹកវិញហើយ ដរាបណាលែងមានភ្លៀងធ្លាក់បន្ថែមទៀត តែចំពោះមុននេះអាកាសធាតុផ្ទៃមេឃកំពុងតែស្រទំកលភ្លៀងនៅឡើយ។

មន្ត្រីមូលដ្ឋានខាងលើបញ្ជាក់បន្តថា ស្ថានភាពកម្ពស់ទឹកជំនន់នៅនឹងច្រកទ្វារអន្តរជាតិដូង និងនៅតាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅ មន្ត្រីរដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងទាំងបីកងឯកភាពកំពុងតាមដាន និងចុះជាប់ជាប្រចាំយ៉ាងយកចិត្តទុកដាក់៕

អត្ថបទ៖ ដំបងក្រញូង

Share.