បាត់ដំបង÷ ច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង ត្រៀមបើកដំណើរការឡើងវិញក្រោយបិទផ្អាកដោយសារជំនន់ទឹកភ្លៀងឡើងខ្ពស់ឆ្លងកាត់ស្ពាន។

លោក សុខ ដែន អភិបាលស្រុកកំរៀងបានប្រាប់ឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលហក់ឡើងខ្ពស់ហូរឆ្លងកាត់ផ្លូវនេះបានស្រកចុះវិញជាបណ្តើរហើយ​ចាប់តាំងពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ ស្ថានភាពទឹកជំនន់ដែលស្រកថយនេះមន្ត្រីជំនាញ ក៏ដូចជាកម្លាំងពាក់ព័ន្ធទាំងអស់បានត្រៀមរៀបចំសម្អាត និងបើកដំណើរការដឹកជញ្ជូនទំនិញចេញ ចូលដូចធម្មតាឡើងនៅថ្ងៃទី០៥ ខែតុលានេះហើយ។

ប្រភពមន្ត្រីគ្រប់គ្រងស្រុកខាងលើបានបន្តថា ទន្ទឹមគ្នានឹងជំនន់ទឹកភ្លៀងនៅអូរព្រំដែនបានស្រកចុះនេះ នៅក្នុងភូមិសាស្ត្រផ្សេងៗទៀត ក៏បានរីងស្រកធូរស្រាលបណ្តើរៗដូចគ្នាដែរ ខណៈដែលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋសរុបជាង៤០០គ្រួសារ ទាំងតំបន់ទីប្រជុំជន ក៏ដូចជាតំបន់ឆ្ងាយៗ៕

អត្ថបទ៖ ដំបងក្រញូង

Share.