ចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងមកដល់នៅសប្ដាហ៍ក្រោយនេះ ប៉ុន្ដែពិធីនេះខុសពីរាល់ឆ្នាំ ដោយ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ចូលឆ្នាំខ្មែរនៅផ្ទះ។ ការចូលឆ្នាំនៅផ្ទះ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ហើយលោកជំទាវបានសម្ដែងការសម្ដែងការតក់ស្លុត ចំពោះព្រឹត្តិការណ៍ នៃការឆ្លងជំងឺកូវីដ១៩ចេះតែកើនឡើងឥតឈប់។

OurVanDin

«ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត ចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បើខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វើជូនពួកគាត់ តែបើខ្ញុំធ្វើ គឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន ដែលបានចែកចាយនៅក្នុងតេឡេក្រាម ហើយត្រូវបានចែកចាយក្នុងចំណោមអ្នកសារព័ត៌មាន។

លោកជំទាវបានបន្ដទៀតថា «ចុះបើយើងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា យើងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ អ្នកឆ្លងរកឃើញកើនឡើងច្រើនបង្កើតនូវការព្រួយបារម្ភដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍ និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។»

លោកជំទាវបានបន្ថែមទៀតថា «ខ្ញុំសូមបង្កើតពាក្យថា៖ “ ចូលឆ្នាំនៅផ្ទះ “ ឫ “New Year at Home” ជាមួយនិងការអនុវត្តវិធានការ ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលើសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លងជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វើឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយើងផងដែរ។ ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា “ចូលឆ្នាំនៅផ្ទះ” មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរី ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី! សួស្តីឆ្នាំថ្មី! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា!» ៕

Share.