សិល្បៈអន្តរជាតិ៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Tuoitre បានដឹងថា កញ្ញា Bui Quynh Hoa (ប៊ុ​យ គីង ហាវ) គឺជា​ម្ចាស់​មកុដ Miss Universe Vietnam ឆ្នាំ ២០២៣នេះ។ ក្រោយ​បំពាក់​មកុដ​នៅ​យប់​ថ្ងៃទី ២៩ ខែកញ្ញា កន្លងមកនេះ ក៏​ស្រាប់តែ​កើតមាន​ករណី​រិះគន់​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម។

មាន​អ្នកលេង​បណ្ដាញ​សង្គម និង​អ្នក​និយម​គាំទ្រ​វិស័យ​បវរកញ្ញា​នៅ​វៀតណាម ខ្លះ​គាំទ្រ​ចំពោះ​សមត្ថភាព និង​សម្រស់​របស់​កញ្ញា Bui Quynh Hoa ប៉ុន្តែ​មាន​អ្នក​ខ្លះទៀត​រិះគន់​វែកញែក​ថា ម្ចាស់​មកុដ​ឆ្នាំ ២០២៣រូបនេះ​មិន​ស័​ក្ដ​សមជា​ម្ចាស់​មកុដ​ឡើយ ព្រោះ​ពួកគេ​គិតថា នាង​មាន​ខ្សែ ហើយ​ការដាក់​ពិន្ទុរ​របស់​គ​ណៈ​កម្ម​ការ​គ្មាន​ភាព​សុ​ក្រិត​យុត្តិធម៌។

បញ្ហា​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ដល់​ស្ថាប័ន​ Miss Universe ទើប​មេ​ស្ថាប័ន​ស្រី​ស្អាតចក្រវាល​នេះ​ចេញ​សេចក្ដីថ្លែងការណ៍​បន្ទាន់​មួយ ដោយ​រៀបរាប់ថា ៖ «សូម​អរគុណ​ចំពោះ​ការព្រួយបារម្ភ​អំពី​ការប្រកួតប្រជែង​បវរកញ្ញា​ចក្រវាល​វៀត​ណា​ម​ឆ្នាំ 2023 ដែល​យើង​បានដឹង​និង​យកចិត្តទុកដាក់ ។ យើង​បានទទួល​ដំណឹង​ពី​អ្នក​ហើយ និង​កំពុងធ្វើការ​អង្កេត​លើ​រឿងនេះ​យ៉ាង​លម្អិត។ បញ្ហា​នេះ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​ពួកយើង ដើម្បី​ឱ្យឃើញថា បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​ទទួលបាន​នូវ​ការវិនិច្ឆ័យ​យ៉ាង​សុ​ក្រិត​យុត្តិធម៌ ហើយ​យើង​ក៏​ទទួលបាន​ការទុកចិត្ត​ពី​អ្នក​ទាំងអស់គ្នា ចំពោះ​បញ្ហា​របស់​បេក្ខភាពនីមួយៗដែល​បាន​ចូលមក​ប្រកួត»។  

មេស្ថាប័នកំពូលបវរកញ្ញាចក្រវាលបានបន្តថា «យើង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ទិញ​សិទ្ធ​អាជីវកម្ម​របស់​យើង​នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​រកឱ្យឃើញ​យ៉ាងពិត​ប្រា​ដ​ថា បញ្ហា​ដូច​ការរិះគន់​នោះ​កើតឡើង​ពិត​មែនឬ​អត់ និង​ធានា​ឱ្យបាន​ថា គ្រប់ផ្នែក​នៃ​កម្មវិធី​ប្រកួត​បវ​រញ្ញា​ចក្រវាល​អនុ​វត្ត​បាន​នូវ​សុចរិត​ភាព​ដែរឬទេ។ យើង​សូម​កោតសរសើរ​ចំពោះ​ការអត់ធ្មត់​របស់​អ្នក ហើយ​ខណៈ​នេះ​ដែល​យើង​នឹង​ពិនិត្យមើល​កាន់តែ​ដិតដល់​ចំពោះ​បញ្ហា​នេះ។ ក្រុម JKN»។

គួរ​ដឹង​បន្ថែមថា កញ្ញា Bui Quynh Hoa កើត​នៅ​ឆ្នាំ ១៩៩៨ មកពី​ទីក្រុង​ហាណូយ។ មុនពេល​ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វាល​វៀតណាម​ឆ្នាំ២០២៣នេះ កញ្ញា​ក៏​ធ្លាប់ជា​បេក្ខភាព Top 10 នៅ​ឆ្នាំ ២០២២ផងដែរ។ ហើយ​នៅ​ឆ្នាំ ២០១៨ កញ្ញា​ធ្លាប់​ឈ្នះ​បាន​ពានរង្វាន់​មាស​ពី​កម្មវិធី Supermodel Vietnam 2018 និង​ឆ្នាំ ២០១៧ កញ្ញា​ធ្លាប់​ចូលរួម​ប្រកួត​បវរកញ្ញា​វៀតណាម Ao Dai World 2017៕

Share.