ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បាន​ចាញ់​​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​អ៊ូសបេគីស្ថាន ក្នុង​លទ្ធផល ៦-១ នៃការប្រកួតពានរង្វាន់ AFC Futsal Asian 2024 វគ្គជម្រុះ ដែលការប្រកួតធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទីលាន SAMO SPORTS COMPLEX ក្នុង​ទីក្រុង Fergana នៅប្រទេសអ៊ូសបេគីស្ថាន។

សម្រាប់​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុងពូល G ជាមួយ​ម្ចាស់​ផ្ទះ​អ៊ូបេ​គីស្ថាន, អ៊ីរ៉ាក់ និង​ម៉ា​ឡេស៊ី ក្នុង​ការ​ប្រកួតជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Asian Cup 2024 ដែល​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ដោយ​ឡែក​សម្រាប់​ជំនួន​រួម​ពូល​ជា​មួយ​កម្ពុជា អ៊ីរ៉ាក់ បាន​យក​ឈ្នះម៉ាឡេស៊ី ក្នុង​លទ្ធផល ២-១។ កម្មវិធីប្រកួតទី២ ​របស់ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ប៉ះ ក្រុមអ៊ីរ៉ាក់៖

  • ថ្ងៃទី៩ តុលា៖ កម្ពុជា ប៉ះ អ៊ីរ៉ាក់
  • ថ្ងៃទី១១ តុលា៖ ម៉ាឡេស៊ី ប៉ះ កម្ពុជា

ព្រឹត្តិការណ៍ ប្រកួតជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Asian Cup 2024 ​ឆ្នាំនេះ​ដោយ​ក្រុមចូល​រួម​ចំនួន ​៣១ ត្រូវ​​ចាប់​ចូល​តាម​ពូល​នីមួយៗ ដើម្បីប្រកួត​ជម្រុះ ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​ ១៦​ឡើង​ទៅ​ជុំ​បន្ត​ស្វែង​រក​ជើង​ឯក។

ពានរង្វាន់​នេះ​ធ្វើ​ឡើង​រាល់​២ឆ្នាំ​ម្តង​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម៉្លេះ ដោយ​​ក្រុម​ជប៉ុន ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ក្នុង​ឆ្នាំ​២០២២ ដែល​ប្រទេស​គុយវ៉ែត ជា​ម្ចាស់​ផ្ទះ ស្រប​ពេល​ដែល​ក្រុម​អ៊ីរ៉ង់ ក្រុម​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​១២​សម័យកាល៕

Share.