អ្នក​គាំទ្រ​រំភើប​រីក​ថ្លើម​ក្រោយ​ដឹង​ថា​ស្នាដៃ​រួម​គ្នា​ថ្មី​រវាង​ ​​កែវ ឡាវីញ ​និង​ យ៉ា​ ​សុផាន់​ម៉ៃ​ ក្នុង​រឿង​ថ្មី​ «សង្សារ​ខ្ញុំ​» នឹង​បញ្ចាំង​ឱ្យ​ទស្សនា​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះ​ហើយ​។​

តួ​អង្គ​បងធំ​ (កែវ ឡាវីញ) និង​ម្ចាស់​តូច​មីរ៉ា​ (​យ៉ា​ សុផាន់​ម៉ៃ​) កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​នៅ​ក្នុង​តួអង្គ​ស្រលាញ់​ភេទ​ដូច​គ្នា​ពី​រឿង​ភាគ​ដ៏​ពេញ​និយម​​​ «​រសជាតិ​អ្នក​មាន​»​ របស់​ស្ថានីយ​ទូរទស្សន៍​ PNN កំពុង​នឹង​មាន​ស្នាដៃ​ថ្មី​សន្លាង​សម្ដែង​រួមគ្នា​ម្ដង​ទៀត​នៅ​ក្នុង​រឿង ​«សង្សារ​ខ្ញុំ​»​ របស់​ផលិតកម្ម​ Sastra Film។

រឿង​ «សង្សារខ្ញុំ» និយាយ​ពី​ស្នេហា​រវាង​តារា​ល្បី​និង​អ្នក​គំនូរ​ម្នាក់​។ ក្នុង​រឿង​នេះ​ យ៉ា សុផាន់​ម៉ៃ​សម្ដែង​ជា​តួអង្គ​តារា​ល្បី​ដែល​កើត​មាន​បញ្ហា​និង​សំពាធ​ អារម្មណ៍​រួច​ក៏​រត់​គេច​ទៅ​រក​កន្លែង​ស្ងប់ស្ងាត់​ដើម្បី​សម្រាក​ខួរ​ក្បាល​។ នៅ​ទីនោះ​នាង​ក៏​បាន​ជួប​ជាមួយ​នឹង​ជាង​គំនូរ​ម្នាក់​ដែល​សម្ដែង​ដោយ​ កែវ ឡាវីញ។ អ្នក​ទាំង​ពីរ​បាន​បាក់​ចិត្ត​ស្រលាញ់​គ្នា​ប៉ុន្តែ​ម្ដាយ​របស់​ យ៉ា សុផាន់ម៉ៃ (​ជា​តួអង្គ​តារា​ល្បី​) មិន​ពេញចិត្ត​នឹង​ស្នេហា​របស់​អ្នក​ទាំងពីរ​ហើយ​ព្យាយាម​បំបែក​ស្នេហា​មួយ​នេះ​។ ទោះ​ជា​រង​​នូវ​សម្ពាធ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​តែ​អ្នក​ទាំង​ពីរ​នៅ​តែ​តស៊ូ​ប្រឹង​ប្រែង​ជំនះ​ដើម្បី​ស្នេហា​ដ៏​បរិសុទ្ធ​របស់​ពួក​គេ​។

​​​​​គួរ​ដឹង​ដែរ​ថា​ កញ្ញា កែវ ឡាវីញ ​អាច​ចាត់​ទុក​បាន​ថា​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ ​ព្រោះ​កញ្ញា​​ជា​កូន​ស្រី​បង្កើត​របស់​អ្នក​ស្រី​ កែវ កល្យាណ អតីត​តារា​សម្ដែង​ជើង​ចាស់​ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​សិល្បៈ​កាល​ពី​​ជំនាន់​ទសវត្សរ៍​ទី​ ​៨០-៩០៕​

Share.