សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះពេជ្រ កោះនរា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ ការសម្រេចនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ 

ក្រោយផុតរយៈពេល៣ថ្ងៃនេះ ការធ្វើចរាចរណ៍នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ ក្រោយបញ្ចប់ការស្ថាបនាទាំងស្រុង អាជ្ញាធរនឹងដាក់ឲ្យប្រើប្រាស់តែម្ដង។ នេះបើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញសារព៏ត៌មាន Fresh News

ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចការសាងសង់បានប្រមាណ ៩៥% ហើយ។

កន្លងមកដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឱ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាលបន្តិច។

គួរបញ្ជាក់ដែរថា សម្រាប់ការបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានកោះពេជ្រ-កោះនរានេះ សម្តេចធិបតី បានអនុញ្ញាតឱ្យធ្វើចរាចរណ៍ ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើដំណើរទាំងទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥តោន ចុះក្រោមតែប៉ុណ្ណោះ៕

អត្ថបទដកស្រង់ចេញពីផេកក្រសួងសាធារណៈការនិងដឹកជញ្ជូន

Share.