ភ្នំពេញ៖ កម្លាំងកងទ័ពពិសេស៩១១ បានចេញជួយរុករកសពនារីម្នាក់ដែលបានរអិលជើងធ្លាក់ចូលប្រឡាយទឹកបឹងទំពុន ខណៈដែលនារីរងគ្រោះដើរឆ្លងទៅបេះបន្លែនៅក្នុងបឹងកាលពីល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ រយៈពេល៣ថ្ងៃហើយរកសពមិនទាន់ឃើញ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២៣ស្ថិតនៅចំណុចប្រឡាយទឹកបឹងទំពុន ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពនារីរងគ្រោះមានឈ្មោះ ឡាយ ហៀងអាយុ៣២ឆ្នាំមានសតិមិនសូវល្អស្នាក់នៅក្បែកន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី០៩ខែតុលាឆ្នាំ២០២៣ក្មេងស្រីម្នាក់បានឃើញនារីរងគ្រោះបានដើរឆ្លងស្នួរឈើទៅបេះបន្លែក៏រអិលជើងធ្លាក់ចូលក្នុងប្រឡាយទឹកហូរស្រវេស្រវ៉ាអោយគេជួយបន្តិចក៏លិចនៅឃើញតែដៃម្ខាងក្មេងស្រីតូចក៏មិនបានទៅប្រាប់អ្នកភូមិដើម្បីមកជួយសង្គ្រោះនោះទេ ក្រោយមកដោយមិនឃើញនារីរងគ្រោះសាច់ញ្ញាត្តិក៏បានដើររកក្មេងស្រីក៏បានប្រាប់ថានារីរងគ្រោះរអិលជើងចូលប្រឡាយលិចទឹកបាត់ហើយ ទើបអ្នកជិតខាងនាំគ្នាចុះរាវរកសពតែរកមិនឃើញនៅថ្ងៃបន្ទាប់ក៏នាំគ្នាចុះរាវរកសពនៅក្នុងប្រឡាយម្ដងទៀត ក៏នៅតែមិនសពនារីរងគ្រោះដោយនៅក្នុងបឹងមានស្មៅនិងសំរាមច្រើនពិបាកក្នុងការរុករក សាច់ញាតិក៏បានស្នើសុំទៅដល់កងកម្លាំងទ័ពពិសេស ៩១១ដើម្បីចុះជួយអន្តរាគមន៍រុករកសពនារីរងគ្រោះខាងលើ។

បច្ចុប្បន្នកម្លាំងកងទ័ពពិសេស ៩១១ជាច្រើននាក់កំពុងចុះទូកបង្ហោះត្រួតនិងសហការជាមួយគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើការកាយសំរាមនឹងស្មៅស្វែងរកសពនារីរងគ្រោះខាងលើ ដើម្បីប្រគល់អោយសាចញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.