អ្នកលេងគុនខ្មែរ ព្រំ សំណាង ដែលមានរហ័សនាម​ហៅថា ជាងកាត់សក់ដៃឯក ឬជង្គង់ពិឃាត បានយកឈ្នះកីឡាករ Viadyslav ជនជាតិអ៊ុយក្រែន ដោយពិន្ទុ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃ១១ ខែតុលា ឆ្នាំ២០២៣ កម្មវិធី «ប៊ូសស្រ្ដងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឲ្យឡាន»។

បច្ចុប្បន្ន ព្រំ សំណាង ទទួលបានកន្លែងហ្វឹកហាត់ VIP ដើម្បីត្រៀមប៉ះអ្នកប្រដាល់ភូមា Dave Leduc លក្ខណ:គុនខ្មែរ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយប្រកួតរុំអំបោះឆៅវាយតែ ១ទឹក ៩នាទី នៅសង្វៀនថោន។

ក្រៅពីនេះ ព្រំ សំណាង ក៏ទទួលបានថ្លៃឧបត្ថម្ភពី Boostrong រួមមានដូចជា៖

  • ទទួលបានខុនដូស្នាក់នៅមួយ
  • មានគ្រូបង្វឹកផ្ទាល់ខ្លួនចំនួន ១០ នាក់
  • ទទួលបានថ្លៃហូបចុកទាំងស្រុង
  • ជាពិសេសគឺទទួលតម្លៃខ្លួនរហូតដល់ទៅ ១០០ លានរៀន ឬស្មើនឹង ២៥,០០០ ដុល្លារ។

គួរដឹងថា ព្រំ សំណាង មានកម្ពស់ ១.៨៤ម៉ែត្រ ទម្ងន់៧៨គីឡូ ដែលមានប្រវត្តិប្រកួតសរុប ១៥៩ដង ឈ្នះ១៤៤លើក វាយគូប្រកួតសន្លប់៧០ដង ចាញ់តែ១២លើកប៉ុណ្ណោះ និងស្មើ៣លើក បច្ចុប្បន្នមានវ័យ៣៧ឆ្នាំ។

អ្នកលេងគុនខ្មែរ រហ័សនាមជាងកាត់សក់ដៃឯក បាន​ទាញ​យក​ប្រជាប្រិយភាព ក៏​ដូច​ជា​បេះដូង​អ្នក​ស្រឡាញ់​គុនខ្មែរ​ពេញ​១​ប្រទេស ក្រោយ​ពី​រូប​គេ​បាន​បង្ហាញ​សមត្ថភាព​ប្រកួត​ឈ្នះ​ដៃគូ​ខ្លាំង​ជា​ច្រើន​នាក់ ពិសេស​ការ​ឈ្នះ​ខ្សែ​ក្រវ៉ាត់​លើ​សង្វៀន Thai Fight និង​បន្ត​ឈ្នះ​នៅ​ក្នុង​ស្រុក​ជាមួយ​កីឡាករ​អន្តរជាតិ​ខ្លាំង​ៗ​ជា​ច្រើន​ទៀត។

នៅក្នុងព្រឹត្តិការណ៍កីឡារស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ជាម្ចាស់​ផ្ទះ កីឡាករព្រំ សំណាង ដណ្តើមបានមេដាយមាស ១គ្រឿង លើប្រភេទកីឡាគុនខ្មែរ វិញ្ញាសារ ៨១គីឡូក្រាម ដោយកាលនោះ រូបគេយក កីឡាករ Tun Tun Min របស់មីយ៉ាន់ម៉ា ដោយពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រ ។

សរុបមេដាយដែលកម្ពុជា ទទួលបានលើប្រភេទកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ មានចំនួនចំនួន ១៩គ្រឿង ក្នុងនោះមេដាយមាសចំនួន ១៤គ្រឿង ប្រាក់ ៣គ្ររឿង និងសំរិទ្ធ​ចំនួន ២​គ្រឿង៕

Share.