បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ដោយទឹកជំនន់ចំនួន៣ស្រុក ដែលធ្វើឱ្យលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋជាង២.០០០គ្រួសារបើគិតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា ក្រុងសិរីសោភ័ណបានរងផលប៉ះពាល់ដោយទឹកជំនន់មានចំនួន២សង្កាត់ ក្នុងនោះមានសង្កាត់ព្រះពន្លា និងសង្កាត់អូរអំបិល ដែលរងប៉ះពាល់លិចទឹកប្រមាណជិត៥០០គ្រួសារ ហើយត្រូវជម្លៀសរកទីទួលសុវត្ថិភាពមានប្រមាណជិត១០០គ្រួសារ ដោយនាំមកដាក់នៅចំណតរថយន្តក្រុងសិរីសោភ័ណ។

លោក អភិបាលស្រុកមង្គលបូរី បានប្រាប់ដឹងដែរថា នៅស្រុកមង្គលបូរី មានត្រូវបានលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋ ចំនួន៥០ភូមិ និងប៉ះពាល់ផ្ទះសំបែងចំនួន១,៩៨៦ខ្នង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពមានចំនួន១៨គ្រួសារ និងទឹកលិចស្រូវចំនួន២,៣៤៥ហិចតា និងទឹកលិចផ្លូវជាច្រើនខ្សែរ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យ ទឹកជំនន់បានប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ ឋនិងផលដំណាំកសិកម្មមានចំនួន៣ស្រុក។ ដែរមានដូចជា ក្រុងមានស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ និងស្រុកអូរជ្រៅ ហើយត្រូវបានត្រៀមកម្លាំងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋប៉ះពាល់ដោយទឹកជំនន់ជនលិចផ្ទះសំបែងផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.