បុរសម្នាក់ដែលត្រូវបានគេដឹងថាមានជំងឺផ្លូវចិត្តដោយសារតែមានប័ណ្ណសម្គាល់ដែលចេញដោយមន្ទីរពេទ្យនោះ បានលួចរថយន្តមន្ត្រីយោធាម្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២៣នៅ ផ្លូវ១០៩ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ កាំង សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែករថយន្តដែលបាត់នោះមានម៉ាក Isuzu  ពណ៌ស ផលិតឆ្នាំ២០០៩ ផ្លាកលេខ ភ្នំពេញ 2BQ-8540 (រកឃើញវិញ)។

 ចំណែកជនសង្ស័យមានឈ្មោះ វ័រ វិបុល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ក្នុងនោះជនសង្ស័យមានប័ណ្ណសំគាល់ផ្នែកជំងឺផ្លូវចិត្ត មួយសន្លឹក ចេញដោយមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត និងមានប័ណ្ណបើកថ្នាំ ជំងឺសសៃប្រសាទ ចំនួន ០៥សន្លឹក របស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀតដែលជារបស់ជនសង្ស័យដោយផ្ទាល់។

 យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា    នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានចតរថយន្តរបស់ខ្លួននៅផ្លូវកែង១០៩ ដោយភ្លេចដកកូនសោរ ហើយបានដើរ ចូលទៅញាំកាហ្វេនៅក្នុងហាងមួយក្បែនោះបាត់ទៅ។

បន្ទាប់មកតាមរយៈកាមេរ៉ាសុវត្ថិភាព ក៏ស្រាប់តែឃើញមានជនសង្ស័យម្នាក់ ភេទប្រុស ដោះអាវ ពណ៌ក្រហម បង់ក ស្លៀកខោជើងវែង ពណ៌ស បានដើរមកហើយឡើងបើករថយន្តរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមក កម្លាំងប៉ុស្តិ៍តាខ្មៅ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងប៉ុស្តិ៍នគរបាលរាធរ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ខេត្តព្រៃវៃង បានស្ទាក់ចាប់បានជនសង្ស័យព្រមទាំងរថយន្តខាងលើ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

តាមការបំភ្លឺរបស់ឈ្មោះ ចៃ រ៉ង ភេទស្រី អាយុ៥៤ឆ្នាំ ត្រូវជាម្តាយរបស់ជនសង្ស័យបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវជាកូនរបស់គាត់មានជំងឺសសៃប្រសាទជាង ៤ឆ្នាំមកហើយ ដោយមានប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋានបានដឹងគ្រប់គ្នា ហើយសព្វថ្ងៃកំពុងព្យាបាល និងបើកថ្នាំពីមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ជារៀងរាល់ខែ។

លុះមកដល់បីថ្ងៃមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូសង់កូរ៉េចេញពីផ្ទះ មិនដឹងទៅទីណានោះទេ បន្ទាប់មកគាត់ក៏បានទៅរាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ ឲ្យជួយដើររក តែរកមិនឃើញឡើយ។ លុះមកដល់ថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីថ្ងៃរសៀល ក៏ស្រាប់តែឃើញជនសង្ស័យបានបើករថយន្ត មួយគ្រឿងម៉ាក Isuzu ពណ៌ស ចូលមកផ្ទះវិញទើបគាត់បានទៅរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ឲ្យបានដឹងដើម្បីមកយករថយន្តនោះទៅទុកនៅប៉ុស្តិ៍ដើម្បីស្វែងរកម្ចាស់ប្រគល់ឲ្យវិញ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប៉ុន្តែសមត្ថកិច្ចមិនអាចសាកសួរបានឡើយព្រោះជនសង្ស័យនិយាយមិនដឹងខុសត្រូវ៕

អត្ថបទ៖តាខ្មៅ

Share.