ក្លិប ​Win Streak សមាជិកលីគ​​បាល់ទះ​​នៅ​តៃវ៉ាន់ (Enterprise Volleyball League) របស់ វឿន វាសនា បានយកឈ្នះក្រុម Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

ទស្សនាវីដេអូហាយឡាយក្លិបបាល់ទះ Win Streak របស់ វឿន វាសនា រកបានជ័យជម្នះនៅថ្ងៃបើកឆាក៖

វឿន វាសនា របស់សមាជិកក្រុមជម្រើសជាតិកម្ពុជា ពាក់អាវលេខ៩ ត្រូវបានក្លិបបាល់ទះ Win Streak នាំចូលដើម្បីជំនួស​កូតា​​កីឡាករ​បរទេស​ Sim Jian Qin ស្របពេលកីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានលោក Lin Chih-Yung ដាក់ឱ្យចូលលេងក្នុងជម្រើសដំបូងផងដែរ។

មុន​ចេញ​ដំណើរ​​ទៅ​កោះ​តៃវ៉ាន់ វឿន វាសនា បាន​ប្រាប់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង ថា៖«រូប​គេ​បាន​ចុះ​កុងត្រា​២ឆ្នាំ​ជាមួយ ក្រុម Win Streak​ ជា​ថ្នូរ​នឹង​ថ្លៃ​នឿយហត់ បើក​បូក​ទាំង​ប្រាក់​ខែ ថ្លៃ​ធ្វើដំណើរ ស្នាក់នៅ ហូបចុក និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ប្រមាណ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក»។

សូម​ទស្សនាការកិច្ចសម្ភាសន៍ ជាមួយ វឿន វាសនា មុន​ចេញ​ដំណើរ​កន្លង​ទៅ៖

​សម្រាប់​ក្រុម Win Streak​​ ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០២២ នោះ​ទេ ប៉ុន្តែ​ថៅកែ​ក្លិន​លោក Lien Hua-Jung ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន Brilliant Footwear Corporation ធ្លាប់​បាន​ឧបត្ថម្ភ​​បង្កើត​ក្លិប​បាល់ទះ​​មួយ​គឺ​Taichung Lien Chuang បច្ចុប្បន្ន​ប្តូរ​ទៅ​ជា Taichung Apollo ប៉ុន្តែ​​ក្រោយ​មក​ក៏​ដក​ខ្លួន​ចេញ​ដោយ​សារ​មាន​បញ្ហា នៅ​គ្រា​នោះ។ ដូច្នេះ​នេះ​ជា​ការ​ត្រឡប់​មក​វិញ​របស់​លោក Lien Hua-Jung ស្រប​ពេល​ដែល​ក្លិប Win Streak​​ ក៏​មាន​កូតា​ចូលរួម​ប្រកួត​ជើង​ឯក​ក្លិប​ប្រចាំ​ទ្វីប​អាស៊ី តំណាង​ឱ្យ​តៃវ៉ាន់ ផង​ដែរ ក្នុង​នាម​ជា​​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់។

លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចំនួន​៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ សម្រាប់​ក្រុម​Win Streak ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ ក្រោយ​យក​ឈ្នះ​ក្រុម​ខ្លាំង Pingtung Taipower នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៣សិត​ទល់២​សិត ដោយ​លទ្ធផល 19:25, 25:20,18:25,25:21​និង​15:12៕

Share.