ជាផ្លូវការ ប្រភេទកីឡាប្រដាល់ Muay Thai របស់ថៃ ត្រូវបានបដិសេធសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅទីក្រុង Los Angeles ដែលប្រទេសសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់។

យោងតាមការបញ្ជាក់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថាម្ចាស់ផ្ទះសហរដ្ឋអាមេរិក បានសម្រេចមិនដាក់បញ្ចូលប្រភេទកីឡា Kickboxing និង Muay Thai ឡើយ សម្រាប់កីឡាអូឡាំពិក ឆ្នាំ២០២៨។

សម្រាប់ព្រឹត្តិការណ៍​កីឡាអាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ កន្លងទៅ ដែលប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ (CAMSOC) ក៏បាន​សម្រេច​លុប​ចោល​ការ​ប្រើ​ពាក្យ​កីឡា​ Muay ចេញ​ដោយ​កម្ពុជា បាន​ប្រកាន់​ជំហរ​ប្រើ​ពាក្យ «គុន​ខ្មែរ ឬ Kun Khmer» តែម្តង ដើម្បី​បង្ហាញ​ពី​កីឡា​ជា​អត្ត​សញ្ញាណ​របស់​ខ្លួន ក្នុង​នាមជា​ម្ចាស់​ផ្ទះ ទៅតាម​ការ​ចង់​បាន​របស់​ប្រជាជន​កម្ពុជា​។

ក្រោយមកសហព័ន្ធ​កីឡា Muay Thai អន្តរជាតិ (IFMA) បានប្រកាស​ថា ពួកគេ​នឹងមិន​ប​ញ្ចូ​ន​ប្រតិភូ​កីឡា​របស់ខ្លួន ឱ្យមក​ចូលរួម​ការប្រកួត​លើ​ប្រភេទ​កីឡា «​គុន​ខ្មែរ ឬ Kun Khmer» សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​​៣២ ឆ្នាំ​២០២៣​ នៅលើ​ទឹកដី​ប្រទេស​កម្ពុជា។

គួរដឹងថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានរៀបចំមហាសន្និបាតនៅទីក្រុង តូក្យូ ប្រទេសជប៉ុន ហើយក៏បានបោះឆ្នោតទទួលស្គាល់សហព័ន្ធអន្តរជាតិនៃសមាគម Muaythai ដែលជាក្បាច់គុនប្រដាល់មួយប្រភេទរបស់ថៃ ជាផ្លូវការ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ហើយមុនទទួលបានសិទ្ធិជាសមាជិកអូឡាំពិកអន្តរជាតិ ក្បាច់គុន មួយថៃប្រើពេលជិត៣០ឆ្នាំ ឆ្លងកាត់៦ដំណាក់កាលផ្សេងៗគ្នា៕

Share.