សមាគមបាល់ទះវិសាខា បានប្រកាសថាកីឡាករ គួន ម៉ុម នឹងផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង) កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

ដូច្នេះ គួន ម៉ុម គឺជាកីឡាករខ្មែរទី២ បន្ទាប់ពី វឿន វាសនា ផ្លាស់ទៅចូលរួមក្លិបបាល់ទះ Lavie Long សមាជិក​​លីគ​កំពូលបាល់ទះ​​របស់​ប្រទេស​វៀតណាម ជាមួយតម្លៃខ្លួន២ម៉ឺនដុល្លារ ក្លាយជាកីឡាករបាល់ទះខ្មែរដែលមានតម្លៃខ្លួនថ្លៃជាងគេ។

គួន ម៉ុម វ័យ​២៥​ឆ្នាំ ជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ខ្លាំង​របស់​កម្ពុជា ដោយ​​រូប​គេ​ធ្លាប់​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០២០​កន្លង​ទៅ​ជាមួយ​ក្រុម Garuda Jakarta ក្នុង​រដ្ឋធានី​ហ្សាកាតា។ យ៉ាងណាក្ដី​កីឡាក​រូប​នេះ​ដុះ​ចេញ​ពី​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​២០១៨ មុន​ផ្ទេរ​ចូលរួម​ជាមួយ​ក្រុម​វិសាខា ពី​ឆ្នាំ​២០១៨ ដល់​២០១៩។

ត្រឡប់​មក​ពី​ឥណ្ឌូណេស៊ី វិញ​​ គួន ម៉ុម ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ បាន​បន្ត​ចូលរួម​ជាមួយ​ក្រុម​វិសាខា វិញ រហូត​ដល់​ពេល​នេះ​ទើប​គេ​ព្រម​ចេញ​ទៅ​បន្ត​អាជីព​នៅ​ក្រៅ​ប្រទេស​ម្តង​ទៀត ពោល​គឺ​ចូលរួម​ក្រុម​ Long An ក្នុង​លីគ​បាល់ទះ​វៀតណាម ជើង​ទី២។

គួរដឹងថាពានរង្វាន់​បាល់ទះ​ជើង​ឯក​នៃ​ប្រទេស​វៀតណាម ផ្នែក​បុរស​​នឹង​បន្ត​ប្រកួត​ជើង​ទី២ ដោយ​ពូល C មាន​ក្រុម Sanest Khanh Hoa , Thể Công, Hà Tĩnh, Lavie Long An, TP. Hồ Chí Minh ហើយ​ពូល D មាន​ Biên Phòng, Đà Nẵng, Hà Nội, Ninh Bình LVPB, VLXD Bình Dương។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ខេត្ត ដាក់ណាង ទាំង​២ពូល នៃ​ជុំ​ទី២​នេះ។

គួន ម៉ុម កីឡាករ​មាន​កម្ពស់​១ម៉ែត្រ ៩៨​សង់ទីម៉ែត បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ពី​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន ស្រប​ពេល​ដែល​គេ​ក៏​ជា​តួរ​សំខាន់​ជួយ​ឱ្យ​បាល់ទះ​បុរស​ក្នុង​សាល​របស់​កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​មេដាយ​ប្រាក់​ស៊ីហ្គេម លើក​ទី​៣២ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ។

ស្របពេលកីឡាករ​ វឿន វាសនា សមាជិក​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និងសមាគមបាល់ទះវិសាខា បាន​ផ្លាស់​ទៅ​ចូលរួម​ក្លិប​ថ្មី​ ​Win Streak ​​នៅ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ​ ពាក់អាវលេខ៩។

ខណ: វឿន វាសនា ជួយឱ្យ Win Streak ឈ្នះ២ប្រកួតជាប់ៗគ្នា៖

ប្រកួទី១ ក្លិប ​Win Streak បានយកឈ្នះក្រុម Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

ប្រកួតទី២ ក្លិប ​Win Streak សមាជិកលីគ​​បាល់ទះ​​នៅ​តៃវ៉ាន់ (Enterprise Volleyball League) របស់ វឿន វាសនា បាន​បន្ត​យក​ឈ្នះ​ក្រុម Taoyuan TFMI ក្នុងលទ្ធផល ៣សិតទល់២ (25-21, 22-25, 21-25, 26-24, 10-15)។

មុន​ចេញ​ដំណើរ​​ទៅ​កោះ​តៃវ៉ាន់ វឿន វាសនា បាន​ប្រាប់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង ថា​ រូប​គេ​បាន​ចុះ​កុងត្រា​២ឆ្នាំ​ជាមួយ ក្រុម Win Streak​ ជា​ថ្នូរ​នឹង​ថ្លៃ​នឿយហត់ បើក​បូក​ទាំង​ប្រាក់​ខែ ថ្លៃ​ធ្វើដំណើរ ស្នាក់នៅ ហូបចុក និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ប្រមាណ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក។

ចំពោះទីផ្សារដោះដូរកីឡាកររបស់ គួន ម៉ុម និង វឿន វាសនា ទៅកាន់ក្លិបវៀតណាម គឺបានឆ្លងកាត់ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​, សហព័ន្ធ​កីឡាបាល់ទះអាស៊ី ក៏ដូចជាសហព័ន្ធ​កីឡាបាល់ទះ​ពិភពលោកផងដែរ៕

Share.