សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ក្រោយពីលួចទូកស្មាច់១គ្រឿង ភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០២៣នេះ។ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣នេះ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ទូកមានឈ្មោះ រឿន ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ចំណែកឯជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១.ឈ្មោះ សៀម សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ០៣ខែ ក្នុងឆ្នាំ២០២០ ក្នុងករណី៖ អំពើលួច)។

២.ឈ្មោះ ផល្លា ឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា  នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០១:១០នាទី ជនសង្ស័យទាំង០២នាក់ បានធ្វើសកម្មភាពលួចទូកស្មាច់ របស់ជនរងគ្រោះខាងលើ ហើយបានយកទៅលក់ឱ្យគេ ជនមិនស្គាល់អត្តសញ្ញាណ បានប្រាក់ចំនួន ១៥០,០០០៛ (មួយសែនប្រាំម៉ឺនរៀល) និងបានពន្លិចទូកស្មាច់របស់ជនរងគ្រោះ ០១គ្រឿងទៀតផង ។ ក្រោយមកជនរងគ្រោះបានដឹងថាទូកស្មាច់របស់ខ្លួនត្រូវបានចោរលួច ទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីឱ្យជួយអន្តរាគមន៍ ។

បន្ទាប់ពីបានទទួលបានបណ្ដឹងពីជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានថាជាជនសង្ស័យ ទើបនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលរដ្ឋបាលខ្ពប បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ មកធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង ០២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូកស្មាច់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។

ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.