សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីឃាត់ខ្លួនលួចទូរស័ព្ទនិងនាឡិកាដៃភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២៣។ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី១៥ខែតុលាដដែល។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់របស់មានឈ្មោះ ខុង ឆាំរ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកឯជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖

១.ឈ្មោះ គាំ ដា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនកៀនស្វាយ ខេត្តកណ្តាល ។

២.ឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុសទូរស័ព្ទ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំពោះរបស់របរដែលបានបាត់បង់រួមមាន៖

១.ទូរស័ព្ទដៃចំនួន ០៤គ្រឿង

-ម៉ាក IPhone 11 ពណ៌ស្វាយ ប្រើលេខ 069 353 652

-ម៉ាក IPhone7 ពណ៌ខ្មៅ ប្រើលេខ 068 975 672

-ម៉ាក OPPO S7 ពណ៌ក្រម៉ៅ ប្រើលេខ 012 767 503

-ម៉ាក Von plus11 ពណ៌បៃតង ប្រើលេខ 012/010 474 723 ។

២.នាឡិកាដៃ ០១គ្រឿង ពណ៌ស ម៉ាក CTzen ។

៣.ប្រាក់ខ្មែរចំនួន ១០ម៉ឺនរៀល ។

៤.ខ្សែជើងលោហធាតុ ចំនួន ០២ខ្សែ ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា  នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១១:០០នាទី មុនកើតហេតុ ជនរងគ្រោះរួមនិងបងប្អូនសាច់ញាតិជាច្រើននាក់ផ្សេងទៀត បានមកលេងផ្ទះជីដូនឈ្មោះ ជឿន គុន អាយុ៨៤ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។លុះដល់វេលាម៉ោង ០១:០០នាទី ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ក្រោយពីហូបចុករួចជនរងគ្រោះ និងបងប្អូនសាច់ញាតិច្រើននាក់ បាននាំគ្នាសំរាកដេកលង់លក់នៅខាងក្រោមផ្ទះ ដល់ម៉ោង ០៤:០០នាទីទៀបភ្លឺ ជនរងគ្រោះបានក្រោកពីដេក ស្រាប់តែឃើញស្រមោលមនុស្សប្រុសម្នាក់ ជាជនសង្ស័យរត់ចេញពីកន្លែងកើតហេតុទៅតាមផ្លូវខាងក្រោយផ្ទះបាត់ទៅ ទើបដឹងថាបានបាត់បង់សម្ភារៈទ្រព្យសម្បត្តិដូចបានរៀបរាប់ដូចខាងលើ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយ កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុ ពិនិត្យប្រមូលព័ត៌មាន នឹងបើកការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញា ដើម្បីយកមកកសាងសំណុំរឿងតាមនីតិវិធី ។

 លុះដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១៥:៣០នាទី កម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាបានជនសង្ស័យឈ្មោះ គាំ ដា បានឃាត់ខ្លួនមកសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ គាំ ដា បានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព ផ្លោះរបងចូលលួច ទូរស័ព្ទដៃ នាឡិកាដៃ និងខ្សែជើងប្លាទីន របស់ជនរងគ្រោះមែន ហើយពេលធ្វើសកម្មភាពរួចក៏ផ្លោះរបងចេញមកវិញ ដើរទៅផ្ទះរបស់ខ្លួន លុះរហូតដល់ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៥នាទី ខ្លួនបានទុកខ្សែជើងប្លាទីន ០២ខ្សែនៅផ្ទះ រួចបានជិះម៉ូតូ យកទូរស័ព្ទចំនួន ០៤គ្រឿង និងនាឡិកាដៃ ០១គ្រឿង ទៅជួបមិត្តភ័ក្ត្រឈ្មោះ ចាន់ តុលា (វិន) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលទៅដល់ភ្នំពេញ ខ្លួនបានយកទូរស័ព្ទ ០១គ្រឿង ទៅឲ្យឈ្មោះ ចាន់ តុលា យកទៅលក់បានលុយ ១៣០ដុល្លារ រីឯទូរស័ព្ទនៅសល់ ០៣គ្រឿង និងនាឡិកាដៃ ០១គ្រឿង  ខ្លួនបានទុកនៅឈ្មោះ ចាន់ តុលា រក្សាទុកសិន ហើយខ្លួនក៏ត្រលប់មកផ្ទះនៅស្រុកកៀនស្វាយ វិញ ។

ក្រោយពីបានចម្លើយសារភាពរបស់ឈ្មោះ គាំ ដា រួច កម្លាំងយើងបានសុំគោលការលោកអធិការ បន្តនីតិវិធី ទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ តុលា និងវត្ថុតាង មកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៅមុខសមត្ថកិច្ចឈ្មោះ ចាន់ តុលា បានសារភាពថា៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៣០នាទី ឈ្មោះ គាំ ដា  បានទាក់ទងតាមទូរស័ព្ទដៃមកខ្លួន ថាមានទូរស័ព្ទដៃ ជាប់ iCloud ចង់ឲ្យខ្ញុំជួយដោះឲ្យ លុះដល់ម៉ោង ២៣:៣០នាទី ឈ្មោះ គាំ ដា បានជិះម៉ូតូ Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ស មិនចាំផ្លាកលេខ មកដល់មុខបន្ទប់ជួលខ្លួន រួចបានជជែកគ្នាលេង និងរៀបចំមើលទូរស័ព្ទ នាឡិកាដៃ រួចក៏នាំគ្នាចូលសម្រាកក្នុងបន្ទប់រហូតដល់ភ្លឺ។ បន្ទាប់មកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ខ្លួនក៏យកទូរស័ព្ទដៃ ០១គ្រឿង ម៉ាក One Plus11 ទៅលក់បានលុយ ១៣០ដុល្លារ រួចខ្លួនបានឲ្យលុយទៅឈ្មោះ គាំ ដា ចំនួន ១០០ដុល្លារ ហើយខ្លួនយកចំនួន ៣០ដុល្លារ បន្ទាប់មកខ្លួនបានយកទូរស័ព្ទ ម៉ាក IPHONE 11 ទៅដាក់នៅជាងហាងជួសជុលមួយទៀត ឲ្យគេជួយដោះ ICloud ឲ្យ ។

លុះដល់ម៉ោង១០:១០នាទី ឈ្មោះ គាំ ដា ក៏ត្រលប់ទៅផ្ទះនៅកៀនស្វាយវិញ រីឯខ្លួនក៏ប្រមូលទូរស័ព្ទនៅសល់ ០២គ្រឿង និងនាឡិកាដៃ ០១គ្រឿង យកទុកក្នុងបន្ទប់ជួលរបស់ខ្លួន។

ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.