សិល្បៈ​ជាតិ​៖ ​​នៅ​សល់​​មិន​ដល់​២​ថ្ងៃ​ពេញ​ទេ​ ភាពយន្ត​ខ្នាតធំ​បែប​ភ័យ​រន្ធត់​ «កំណើត​អរូប​» របស់​ផលិតកម្ម​ Wonder Film នឹង​​ត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​រោង​ភាព​យន្ត​ប្រទេស​ឡាវ​ ហេតុ​ដូច្នេះ​ហើយ​​លោក​ សែម វិសាល​ ដែល​ជា​ផលិតករ​និង​ជា​ចាងហ្វាង​ផលិត​កម្ម​បាន​បញ្ចេញ​សារ​ខ្លី​ ប្រកប​ដោយ​អត្ថន័យ​។

ពីរ​​ម៉ោង​មុន​នេះ​ នៅ​ថ្ងៃ​ទី​១៧​ ខែ​តុលា ឆ្នាំ​២០២៣ ខណៈ​ដែល​លោក​បាន​ទៅ​ដល់​ប្រទេស​ឡាវ ដើម្បី​រង់​ចាំ​ការ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៃ​ភាពយន្ត​ខ្មែរ​ដែល​ជា​សមិទ្ធផល​របស់​ផលិតកម្មលោក​នៅ​ឯ​ទីក្រុង​ វៀងចន្ទ​ ប្រទេស​ឡាវ​ បុរស​ដែល​បាន​បូជា​និង​លះបង់​ខ្លួន​ដើម្បី​វិស័យ​សិល្បៈ​​និង​ភាពយន្ត​រូប​នេះ​បាន​​រំលេច​សារ​ដ៏​ល្អមួយ​ដែល​ហាក់​ដូច​ជា​ដាស់​តឿន និង​ក្រើន​រំលឹក​ដល់​ផលិតករ​ទាំង​អស់​ ឱ្យ​ងាក​មក​រួបរួម​សាមគ្គី​គ្នា​ដើម្បី​ជំរុញ​ និង​អភិវឌ្ឍ​វិស័យ​ភាពយន្ត​​ខ្មែរ​ជា​ជាង​ ប្រជែង​គ្នា​ដើម្បី​ចង់​ឈ្នះ​ចាញ់​។ នេះ​គឺ​ជា​ការ​លើក​ឡើង​ទាំង​ស្រុង​របស់​លោក​​ សែម​ វិសាល​៖ «ក្នុង​កាលៈទេសៈ​​ណា​​ក៏​​ដោយ​​ ​ក្នុង​​នាម​​ផលិតករ​ភាពយន្ត​ខ្មែរ​ ​ត្រូវ​ប្រឹងប្រែង​ឱ្យ​​អស់​ពី​លទ្ធភាព​ដើម្បី​ពង្រឹង​និង​​ពង្រីក​វិសាលភាព​ ​ភាពយន្ត​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ ​ផ្សព្វផ្សាយ​វិស័យ​ភាពយន្ត​ ​តំបន់​ទេសចរណ៍​ ​វប្បធម៌​ ​ការ​អភិវឌ្ឍ៍​ ​និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​យើង​។​ ​ការ​ហែកហួរ​ ​ឌឺ​ដង​ ​ចង់​ឈ្នះ​ចង់​ចាញ់​ មើល​បំណាំ​គ្នា​ ​ការ​លាប​ពណ៌​គ្នា​ឯង​ក្នុង​វិស័យ​ ​គួរ​តែ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ជា​ការ​ចែក​រំលែក​ ​មិត្ត​ភាព​ ​ពួត​ដៃ​គ្នា​ ​សាម​គ្គី​ ទើប​ជា​វប្បធម៌​រស់​នៅ​ពិត​ប្រាកដ​របស់​ជនជាតិ​យើង​។​»​

គួរ​ដឹង​ថា​​ស្នាដៃ​ភាពយន្ត​ «កំណើត​អរូប» របស់​​ផលិតកម្ម​ wonder film ក្រោម​ការ​ដឹកនាំ​​​ដោយ​លោក​ចាងហ្វាង​ សែម​ វិសាល​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ឡាវ​ ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ខាង​មុខ​នេះ​តទៅហើយ​ ដូច្នេះ​សូម​កូន​ខ្មែរ​ទាំង​អស់​ផ្ញើ​កម្លាំង​ចិត្ត​ជូន​ដល់​ផលិតករ​ ក្រុម​ការងារ​ផលិត​ និង​តារា​សម្ដែង​កម្ពុជា​ឱ្យ​ទទួល​បាន​ការ​គាំទ្រ​ និង​ជោគជ័យ​ក្នុង​ការ​បញ្ចាំង​លើក​នេះ​ផង​ចុះ​៕

Share.