បុរសវ័យជាង៦០ឆ្នាំម្នាក់បានខ្ចីម៉ូតូរបស់យុវជនម្នាក់ដោយប្រាប់ថា ទៅយកទូរស័ព្ទរបស់ខ្លួន ប៉ុន្តែមានបំណង ជិះយកទៅលក់លេងល្បែង ក្រោយមកត្រូវពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដោយសារតែមានការសង្ស័យ។

ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០ និង៤០នាទីនៅ ភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផេន ធឿនដារាវិដ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

ចំណែកជនសង្ស័យមានឈ្មោះ លី ម៉េង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថានៅមុនពេលកេីតហេតុ  ជនរងគ្រោះបានអង្គុយលេងនៅផ្ទះរបស់ខ្លួនហើយម្តាយក៏បានប្រើឱ្យទៅទិញម្ហូបនៅផ្សារបាសិទ្ធ ស្ថិតនៅភូមិបាសិទ្ធ ឃុំម្កាក់ ។ ហើយជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JF-8728 ពេលមកដល់ចំណុចមុខធនាគារ អេសុីលីដា (សាខាឃុំម្កាក់) ស្រាប់តែជនសង្ស័យបានស្រែកហៅជនរងគ្រោះឱ្យឈប់ម៉ូតូ ពេលនោះជនរងគ្រោះស្មានថាជាមិត្តភ័ក្តិរបស់ឪពុកខ្លួន ក៏បានឈប់ម៉ូតូ ភ្លាម ចំណែកជនសង្ស័យបានដកលុយចំនួន១០,០០០៛ (មួយមុឺនរៀល) ឱ្យជនរងគ្រោះឌុបជូនទៅផ្ទះសំណាក់ម្អមស្រែ ស្ថិតនៅភូមិបាសិទ្ធ ឃុំម្កាក់។ ពេលទៅដល់ផ្ទះសំណាក់នោះ ជនសង្ស័យក៏ឱ្យជនរងគ្រោះចុះពីលើម៉ូតូ ហើយជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះថាទៅយកទូរសព្ទដៃមួយភ្លែត ពេលនោះជនរងគ្រោះក៏បានឱ្យម៉ូតូទៅជនសង្ស័យជិះ ។ ភ្លាមនោះជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះចេញពីផ្ទះសំណាក់ម្អមស្រែ បានប្រហែល២០០ម៉ែត្រ ស្រាប់តែប្រជាពលរដ្ឋដែលរស់នៅម្តុំនោះមានការសង្ស័យ (ដោយមិនដែលស្គាល់មុខជនសង្ស័យ) ក៏នាំគ្នាស្ទាក់ឃាត់ជនសង្ស័យសួរនាំហើយបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ម្កាក់ ។

ក្រោយពីទទួលបានព័ត៌មាន  ភ្លាម កម្លាំងប៉ុស្តិ៍ម្កាក់ បានសហការជាមួយកម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ស្រុក  បានចុះទៅដល់កន្លែងកេីតហេតុ  ឃាត់ខ្លួន និងបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក  ដើម្បីសួរនាំបន្ត។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វើជាខ្ចីម៉ូតូរបស់ជនរងគ្រោះ  គោលបំណងយកទៅលក់ដើម្បីយកលុយមកលេងល្បែង ប្រាកដមែន ។

ក្រោយបញ្ចប់ការសាកសួររួចមក សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកណ្តាលដើម្បី បន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.