គិតចាប់តាំងពីចេញប្រកួតលើកឆាកអន្តរជាតិដំបូងក្នុងឆ្នាំ១៩៥៦មក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាប់ធ្វើព្យុះភ្លៀងច្រើនលើកច្រើនសារ ប៉ុន្តែស្នាដៃរបស់ក្រុមក្នុងតំបន់អាស៊ានមួយនេះមិនសូវមានអ្នកចាប់អារម្មណ៍ឬ មិនស្នាដៃខ្លះមិនសូវមានអ្នកបានដឹងនោះឡើយ។

សារព័ត៌មានត្រយង សូមលើកយកពីកំណត់ត្រាសំខាន់ៗដែលក្រុមបាល់ទាត់កម្ពុជា ធ្លាប់ចារឈ្មោះនៅប្រទេសចំនួន៥ ដែលជាសមាជិកទ្វីបអាស៊ី ដោយក្នុងនោះមានប្រទេសថៃ, កូរ៉េខាងត្បូង, វៀតណាម, ឥណ្ឌូណេស៊ី និងប្រ៊ុយណេ។

ដំបូងនេះយើងធ្វើដំណើរទៅកាន់ទឹកដីនៃប្រទេសកូរ៉េខាងត្បូង ដោយក្រុមកម្ពុជា ធ្លាប់ឈ្នះជើងឯកពានរង្វាន់បាល់ទាត់ជម្រើសជាតិបុរស President’s Cup Tournament នៅទីក្រុងសេអ៊ូល ក្នុងឆ្នាំ ១៩៧៣។

ព្រឹត្តិការណ៍ពានរង្វាន់ President’s Cup Football Tournament (បច្ចុប្បន្នហៅថា Korea Cup) បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៧១ ដោយធ្វើរៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ១៩៨៥ ទើបប្តូរទម្រង់ប្រកួតរាល់២ឆ្នាំម្តងវិញ និងផ្អាកការប្រកួតត្រឹមឆ្នាំ១៩៩៩។ សម្រាប់ក្រុមកម្ពុជា ធ្លាប់បង្កើតកំណត់ត្រាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួន ២លើកក្នុងតំបន់អាស៊ីភាគខាងកើតមួយនេះ ពោលគឺនៅឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៤ លើទីលានកីឡដ្ឋាន Dongdaemun Stadium។

ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រលើកដំបូង លើទឹកដីកូរ៉េខាងត្បូង នេះគឺនៅឆ្នាំ១៩៧៣ កម្ពុជា ស្របពេលដែលកាលនោះ កម្ពុជា និងភូមា (បច្ចុប្បន្នមីយ៉ាន់ម៉ា) ជាសហម្ចាស់ជើងឯក បន្ទាប់ពីប្រកួតពេញ៩០នាទី និងបន្ថែមម៉ោង ១៥នាទី ២ដងនៅតែមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ លទ្ធផល០-០ បែបនេះនៅ ជំនាន់នោះ គណៈកម្មការរៀបចំការប្រកួតបានសម្រេចឱ្យកម្ពុជា និងភូមា ជាម្ចាស់ជើងឯករួមគ្នា ដោយចែកពានគ្នាកាន់កន្លះឆ្នាំម្នាក់។

មុនក្លាយជាម្ចាស់ជើងឯកពានរង្វាន់ President’s Cup Football Tournament នៅឆ្នាំ១៩៧៣ ក្រុមកម្ពុជា កាលនោះក្នុងសម័យសាធារណៈរដ្ឋខ្មែរ ស្ថិតនៅក្នុងពូល A មាន ជាមួយម្ចាស់ផ្ទះកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ហើយពូល B មានក្រុមម៉ាឡេស៊ី ភូមា និងថៃ ដោយប្រកួតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ១៩៧៣។ ក្រុមលេខ១និងលេខ២ក្នុងពូលមានឈ្មោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ប្រកួតបើកឆាកក្នុងពូល កម្ពុជាចាញ់ ម្ចាស់ផ្ទះកូរ៉េខាងត្បូង ក្នុងលទ្ធផល ៦ទល់និង០ តែប្រកួតទី២ កម្ពុជា យកឈ្នះ ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣ទល់និង២ វិញ។ ក្នុងនាមជាក្រុមលេខ២ នៅពូល A កម្ពុជា ដឹកដៃម្ចាស់ផ្ទះកូរ៉េខាងត្បូង ឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។ ចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជា បានយកឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផល ២ទល់និង០ ទាត់បញ្ចូលទីដោយកីឡាករ Sok Sun Hean និងកីឡាករ Doeur Sokhom។

នៅឆ្នាំនោះកម្ពុជា និងភូមា កក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ស្របពេលកាលប្រកួតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៣ ចំនួនពេញ៩០នាទី ក្រុមទាំង២ត្រឹមស្មើគ្នា ០-០។ ចូលដល់ម៉ោងបន្ថែម ១៥នាទី ចំនួន២ដងទៀត ក៏នៅតែមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ដូចនេះកម្ពុជា និងភូមា បានចែកគ្នាពាក់កណ្ដាលឆ្នាំលើកពាន នៅឆ្នាំនោះ (កាលនោះមិនទាន់មានការទាត់បាល់ប៉េណាំងទីកាត់សេចក្តីនៅឡើយ)។ ជាលទ្ធផលនៅក្នុងពានរង្វាន់ President’s Cup Football Tournament នៅឆ្នាំ១៩៧៣ ម្ចាស់ជើងឯកមាន កម្ពុជា និងភូមា លេខ៣ កូរ៉េខាងត្បូង និងលេខ៤ បានទៅលើម៉ាឡេស៊ី។

រំលង១ឆ្នាំគឺនៅឆ្នាំ១៩៧៤ កម្ពុជា ទទួលការអញ្ញើញឱ្យចូលរួមប្រជែងពាននេះជាលើកទី២ លើទឹកដីកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ដោយមានប្រទេសចំនួន៧ ចែកចេញជា ២ពូល ក្នុងនោះពូល A មាន៖ កូរ៉េខាងត្បូង, កម្ពុជា, ជប៉ុន B និងម៉ាឡេស៊ី B ខណ:ពូល B មានក្រុម PSMS Medan របស់ឥណ្ឌូនេស៊ី, ភូមា និងថៃ។

លទ្ធផលរបស់កម្ពុជា នៅកាលនោះ បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ម្តងទៀត បន្ទាប់ពីប្រកួតជម្រុះក្នុងពូល A លើកទី១ ស្មើជាមួយម៉ាឡេស៊ី B ១ទល់១ ហើយប្រកួតទី២ ឈ្នះម្ចាស់ផ្ទះកូរ៉េខាងត្បូង ១ទល់០ និងប្រកួតទី៣កម្ពុជា ស្មើជាមួយ ជប៉ុន B ១ទល់១។ តារាងចំណាត់ថ្នាក់ពូល A កូរ៉េខាងត្បូង ឈរលេខ១ ហើយសាធារណៈរដ្ឋខ្មែរ ឈរលេខ២ មាន៤ពិន្ទុស្មើគ្នា ចំណែកពូល B ក្រុម PSMS Medan និងភូមា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។

វគ្គពាក់កណ្ដាលផ្ដាច់ពាក់កណ្ដាកផ្ដាច់ព្រ័ត្រ កម្ពុជា បានចាញ់ក្រុមPSMS Medan របស់ឥណ្ឌូនេស៊ី ដោយបាល់ប៉េណាំងទី ក្នុងលទ្ធផល ៣-២ បន្ទាប់ពីប្រកួតស្មើគ្នាពេញម៉ោង ០ទល់០។ បរាជ័យមែនតែកម្ពុជា សល់សិទ្ធិប្រកួតយកចំណាត់ថ្នាក់លេខ៣ ប៉ុន្តែបន្តចាញ់ភូមា ក្នុងលទ្ធផល ៦-០។ សរុបចំណាត់ថ្នាក់នៅឆ្នាំនោះកម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ៤ ក្រុមភូមា ជាប់លេខ៣ ហើយក្រុម PSMS Medan របស់ឥណ្ឌូនេស៊ី ជាជើងឯករង និងកូរ៉េខាត្បូង ជាម្ចាស់ជើងឯក។

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Korea Cup រៀបចំឡើងរយៈពេល២៣លើក មុនផ្អាកត្រឹមឆ្នាំ១៩៩៩ ស្របពេលដែលក្រុមអញ្ញើញចូលរួមមានការផ្លាស់ប្តូរដោយឆ្នាំខ្លះមានក្រុមជម្រើសជាតិចូលរួម ឆ្នាំខ្លះមានក្លិបចូលរួម។ ចំណែកការប្រើប្រាស់ឈ្មោះដោយចាប់ផ្តើមពី President’s Cup Football Tournament រួចប្តួរទៅជា President’s Cup និងចុងក្រោយប្រើឈ្មោះជា Korean Cup វិញ។ ក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ឈ្នះជើងឯកបាន១២លើក ប្រទេសប្រេស៊ីល ឈ្នះបាន៥លើក ចំណែកភូមា ឈ្នះបាន៣លើក និងប្រទេសឆេកូស្លូវ៉ាគី ឈ្នះចំនួន ២លើក។ ចំណែកអ្នកឈ្នះបាន១លើកៗ មានអេហ្ស៊ីប, សាធារណរដ្ឋខ្មែរ (បច្ចុប្បន្នកម្ពុជា), អាហ្សង់ទីន, ហុល្លង់, អេក្វាឌ័រ និងក្រូអាត៕

Share.