សិល្បៈអន្តរជាតិ៖ តួ​ឯក​ស្រី​រឿង​ភាគ​ «Mask Girl» គឺជា​មនុស្ស​ម្នាក់​ដែល​ឈ្លក់​វង្វេង​នឹង​សិល្បៈសាក់​លើ​ដងខ្លួន​ ប៉ុន្តែ​ថ្មីៗ​នេះ​ស្នាម​សាក់​លើ​ដង​ខ្លួន​នាង​ស្រាប់​តែ​មើល​ទៅ​ព្រាល​ប៉ុណ្ណោះ​ ដោយ​មូលហេតុ​នេះ​មាន​ដំណើរ​ដើម​ចម​មក​ពីស្ដាប់​តាម​សម្ដី​ម្ដាយ​។

ប្រិយមិត្ត​ដែល​និយម​ទស្សនា​ភាពយន្ត​កូរ៉េ​ ប្រាកដ​ជា​មិន​រំលង​រឿង​ភាគ​ «Mask Girl» ដែល​ជា​រឿង​កំពុង​មាន​ការ​ចាប់​អារម្មណ៍​នៅ​លើ​ App Netflix នោះ​ឡើយ​ ជា​ពិសេស​គឺ​តួ​ឯក​ស្រី​ដ៏​ស្រស់​ស្អាត​ដែល​សម្ដែង​ដោយ​ Nana។

តួឯក​ស្រី​ដែល​និយម​ចូល​ចិត្ត​​ស្នាម​​សាក់​​រូប​​នេះ​​រមែង​ចែក​រំលែក​រូប​ភាព​របស់​ខ្លួន​ជាមួយ​នឹង​ស្នាម​សាក់​លើ​ដង​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ជា​ញឹកញយ​ ប៉ុន្តែ​ស្រាប់​តែ​ថ្មី​ៗ​នេះ​អ្នក​គាំទ្រ​លួច​សង្កេត​ឃើញ​ថា​ស្នាម​សាក់​នៅ​លើ​ដង​ខ្លួន​កញ្ញា​ស្រាប់​តែ​មើល​ទៅ​ឃើញ​ព្រាល​ បើ​ទោះ​ជា​មាន​ចាំង​នឹង​អំពូល​ភ្លើង​ក្ដី​ រហូត​ធ្វើ​ឱ្យ​មាន​អ្នក​សង្ស័យ​ថា​តើ​តារា​ស្រី​រូប​នេះ​ពិត​ជា​លុប​ចោល​ស្នាម​សាក់​លើ​ដងខ្លួន​មែន​ឬ? ព្រោះ​តែ​កន្លង​មក​តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​លើក​ឡើង​ថា​ កញ្ញាពិបាក​នឹង​សម្រេច​ចិត្ត​ណាស់​ បើ​សិន​ជា​ត្រូវ​លុប​ចោល​ស្នាម​សាក់​ដ៏​ស្រស់​ស្អាត​លើ​ដងខ្លួន​របស់​នាង​។

តាម​ដឹង​តារា​ស្រី​រូប​នេះ​បាន​សម្រេច​ចិត្ត​លុប​ចោល​ស្នាម​សាក់​លើ​ដង​ខ្លួន​ ដោយ​សារ​តែ​អ្នក​ម្ដាយ​របស់​នាង​បាន​និយាយ​ទៅ​កាន់​កូន​ស្រី​ថា​៖ «ម៉ាក់​ចង់​ឃើញ​ខ្លួន​កូន​ស្រី​របស់​ម៉ាក់​ រលោង​ស្អាត​គ្មាន​រូប​សាក់​ដូច​កាល​ពី​មុន​»​សម្ដី​អស់​ទាំង​នេះ​ហើយ​ ជំរុញ​ទឹក​ចិត្ត​ Nana ឱ្យ​ព្រម​លុប​ចោល​រូប​សាក់​ដែល​ខ្លួន​ស្រលាញ់​ចោល​ដោយ​គ្មា​ស្ដាយ​ស្រណោះ​។

Nana ឬ Im Jin Ah កើត​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩៩១ គឺជា​តារា​ចម្រៀង​ និង​តារាសម្ដែង​កូរ៉េ​ខាង​ត្បូង​។ តារា​ស្រី​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​យ៉ាង​ច្បាស់​តាមរយៈ​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​ចម្រៀង​ «After School» ដោយ​ក្រោយ​មក​បាន​បំបែក​ជា​ក្រុម​តូច​ Orange Caramel និង After School Red។ សម្រាប់​ការ​សម្ដែង​ Nana បាន​សម្ដែង​រឿង​ភាគ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ «Love Weaves Through a Millenium 2015» «The Good Wife 2016» «Kill it 2019» «Justice 2019» និង​ «Mask Girl 2023»៕

Share.