ភ្នំពេញ ៖ លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ចំនួន២៨គ្រួសារ ក្នុងចំណោម ២៣៧ គ្រួសារ ក្នុងភូមិជ័យឧត្តម សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ទទួលរងផលប៉ះពាល់ទឹកភ្លៀងជន់លិច អស់រយៈពេល៥ថ្ងៃហើយ ទើប តែនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកកាន់តែឡើងខ្លាំង ជន់លិចចូលដល់ក្រោមផ្ទះ ក្នុងផ្ទះតែម្តង។

តាមប្រភពបានឱ្យដឹងថា ក្នុងភូមិជ័យឧត្តម ឬភូមិគោកខ្សាច់ មានពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២៣៧ខ្នងផ្ទះ ដោយសារភ្លៀងធ្លាក់នៅប៉ែកខាងលើជាប់ៗគ្នា ធ្វើឱ្យទឹកសាយភាយជន់ឡើង ក្នុងភូមិជ័យឧត្តម លិចរយៈពេល៥ថ្ងៃហើយ វាលទំនាប តាមផ្លូវ ទើបតែនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពហក់ឡើងខ្លាំង ទឹកជន់លិចក្រោមផ្ទះ ក្នុងផ្ទះ មានផ្ទះមួយចំនួនរកកន្លែងដេកមិនបាន មានតែកល់ក្តាទំនើរ ជាបណ្តោះអាសន្ន ។

ពលរដ្ឋបន្តទៀតថា កាលបើភ្លៀងនៅតែបន្តធ្លាក់ ទឹកកាន់តែឡើងខ្លាំង នោះការប៉ះពាល់ផ្ទះសម្បែងកាន់តែច្រើន ។ចំណែកនៅភូមិដូនកុក ភូមិត្រពាំងស្វាយ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល ត្រូវបានទឹកលិចចូលដល់ក្នុងភូមិផងដែរ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.