សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយពីយកាំបិតទៅកាប់លើបុរស២នាក់បណ្តាលឲ្យរងរបួសដោយសារខឹងរឿងឲ្យរើអីវ៉ាន់ចេញពីផ្ទះ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣នេះនៅចំណុច ផ្ទះជនរងគ្រោះឈ្មោះ ដាំ អឿន ស្ថិតនៅភូមិថ្មី សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល ។ 

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរួមមាន៖

១.ឈ្មោះ ដាំ អឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មី សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល(រងរបួសធ្ងន់)។ 

២.ឈ្មោះ ផន ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មី សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល(របួសធ្ងន់)។

ចំណែកជនសង្ស័យមានឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១១:៤០ នាទី ជនរងគ្រោះឈ្មោះ ដាំ អឿន បានប្រាប់ឲ្យជនសង្ស័យឈ្មោះ វី វុទ្ធី ភេទប្រុស ដែលត្រូវជាក្មួយទៅរកការងារធ្វើ នឹងរើអីវ៉ាន់ចេញពីផ្ទះរបស់គាត់ បន្ទាប់មកជនសង្ស័យក៏បានខឹងនឹងជនរងគ្រោះឈ្មោះ ផន ចិត្ត ថាជាអ្នកផ្លុំត្រចៀកឲ្យដេញវាចេញពីផ្ទះ រួចជនសង្ស័យបានដើរទៅខាងក្រោយផ្ទះយកកាំបិតង៉ុក មកកាប់ជនរងគ្រោះឈ្មោះ ផន ចិត្ត ដែលនៅដេកអង្រឹងក្រោមផ្ទះត្រូវជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកទៀតជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់ទៀតឈ្មោះ ដាំ អឿន ពេលចូលឃាត់ត្រូវជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ដែរ។  ក្រោយពីបានធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួន ទៅសម្ងំនៅផ្ទះយាយរបស់វានៅភូមិថ្មី សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល នឹងបានយកកាំបិតង៉ុកដែលធ្វើសកម្មភាពនោះ ទៅបោះចោលនៅទឹកអូរ ចំណុចខាងក្រោយផ្ទះរបស់យាយវា។

បន្ទាប់ពីបានទទួលព័ត៌មានខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានសហការជាមួយកម្លាំងប៉ុស្តិ៍ ធ្វើស្រាវជ្រាវរហូតឃាត់ខ្លួនបានសង្ស័យ និងនាំទៅចង្អុលបង្ហាញទីតាំងបោះចោលវត្ថុតាង ហើយកម្លាំងបានរាវរកវត្ថុតាងតែពុំឃើញ ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.