ភ្នំពេញ ៖ ផលិតផលទំនិញខុសច្បាប់ជាង៥០តោន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនាំយកមកដុតបំផ្លាញចោល ក្នុងទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់កាលពីពេលកន្លងមកចំនួន១០ករណី។

ការដុតកម្ទេចផលិតផលទំនិញខុសច្បាប់ខាងលើ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តមអគ្គស្នងការ និងមានការចូលរួមពីលោកប្រធាននាយកដ្ឋាន មន្ត្រីកាំ កុងត្រូល ស្ថាប័ន្ថតំណាងអយ្យការ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាពលរដ្ឋជាច្រើនទៀតផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ឱ្យថា ផលិតផលដែលដុតបំផ្លាញចោលនៅព្រឹកនេះ រួមមាន ទំនិញនិងផលិតផល ក្លែងក្លាយ, ផលិតផលនាំចូលគ្មានច្បាប់អនុញ្ញាតិ, ផលិតផលគ្រឿងសំអាងលាយសារធាតុ គីមីខុសច្បាប់ ,ឱសថ ហួសកាលបរិច្ឆេទប្រើប្រាស់,ចំណីអាហារ និងសាច់ខូចគុណភាព ព្រម ទាំងសារធាតុគីមីខុសច្បាប់ជាដើម ។ ដែលកន្លងទៅ នគរបាលធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន ៣៧លើក រួចមកហើយដែរ។

ឯកឧត្តម បានបន្តថា ពិធីដុតបំផ្លាញចោលនាថ្ងៃនេះ គឺជាសក្ខីភាពមួយ ដែលស្តែងពីការខិតខំប្រឹងប្រែង របស់មន្រ្តីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ អង្គភាព ស្ថាប័នជំនាញពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន រួមជាមួយវិស័យឯកជន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការយុទ្ឋសាស្ត្ររបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

ជាកិច្ចការបន្ត នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បាន និងកំពុងបន្តខិតខំអនុវត្តតាមតួនាទី ភារៈកិច្ច និងដាក់ចេញនូវទិសដៅការងារ បស់ខ្លួន ស្រមតាមផែនការ យុទ្ឋសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសបន្តចូលរួមសហការជាមួយសមត្ថ កិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបង្ក្រាបនូវរាល់បទល្មើសសេដ្ឋកិច្ចប៉ះពាល់ដល់ ឃឿនសន្តិសុខសេដ្ឋកិច្ចជាតិ បទល្មើសគេចពន្ឋ, បទល្មើសនាំទំនិញ និងផលិតផលក្លែងក្លាយ ហួសកាលបរិច្ឆេទប្រើប្រាស់,ចំណីអាហារខូចគុណភាព និងមានសារធាតុគីមីធ្វើឲ្យប៉ះពាល់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ៕

អត្ថបទ៖ សេង សាវី

Share.