ប៉ោយប៉ែត៖ នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានលើកឡើងថា ក្រុមហ៊ុនស៊ីនទ្រី ១០ទៅ១៥ថ្ងៃ ទើបទៅយកសំរាមម្តង បណ្តាលឱ្យស្អុយរលួយ ត្រូវបង្ខំជួលគេយកទៅចោល។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជការឯកភាពក្រុងប៉ោយប៉ែត នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ហេង សុវណ្ណ តំណាងអង្គភាពនគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជការឯកភាពក្រុងប៉ោយប៉ែតថា ក្រុមហ៊ុនស៊ីទ្រីមកប្រមូលសំរាមមានការយឺតយ៉ាវ ទោះបានភ្ជាប់សេវាកម្មហើយក៏ដោយ ក៏នៅតែទុកសំរាមស្អុយរលួយ។ ជាក់ស្តែងសំរាមនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទុករហូតដល់ទៅ១០ថ្ងៃ ទៅ១៥ថ្ងៃ ទើបមកប្រមូលម្តង ហើយនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមិនមានកន្លែងទុកសំរាមបានច្រើននោះទេ ទើបត្រូវជួលឲ្យអ្នកផ្សេងយកទៅចោល។ ប៉ោយប៉ែត។

លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែតបានលើកឡើងថា ពាក់ព័ន្ធនឹងសំរាមនេះ នៅអំឡុងពេលនេះ គឺយុទ្ធនាការនៃការប្រមូលសំរាមអនាធិបតេយ្យ ហើយធ្វើយ៉ាងណាត្រូវប្រមូលឲ្យអស់ ហើយពាក្យខមិនរិៈគន់ថា “បើមិនឱ្យជួលគេយកទៅចោល តើត្រូវទុកសំរាមឱ្យស្អុយមុខផ្ទះដែរយ៉ាងណា”  លោកបានឆ្លើយបញ្ជាក់ថា លោកចាត់ឲ្យមន្ត្រីចុះទៅដល់ផ្ទះអ្នកខមិន និងស្រាវជ្រាវថា តើគាត់បានភ្ជាប់សេវាជូនក្រុមហ៊ុនឬនៅ ម្យ៉ាងវិញទៀត តើការខមិនរបស់គាត់កើតឡើងពិតឬមិនពិត ថាតើគាត់ជាអ្នករស់នៅក្រុងប៉ោយប៉ែត ពិតដែរឬយ៉ាងណា ចៀសវាងបំប៉ោងព័ត៌មាន។ ម្យ៉ាងវិញទៀតអជ្ញាធរ និងបើកកិច្ចប្រជុំមានវិធានការដោះស្រាយបន្ត បើសិនរកឃើញថា ក្រុមហ៊ុនស៊ីនទ្រី ខ្វះលទ្ធភាពក្នុងការប្រមូលសំរាមមានការយឺតយ៉ាវពិតប្រាកដ។

លោកអភិបាលក្រុងប៉ោយប៉ែត ក៌៏សំណូមពរ ឱ្យប្រជាពលរដ្ឋទាំងអស់សូមមេត្តាចូលរួមវិចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សូមចូលរួមភ្ចាប់សេវាកម្មប្រមូលសំរាម បើសិនសំរាមនៅមុខផ្ទះច្រើន ក្រុមហ៊ុនប្រមូលមានការយឺតយ៉ាវសូមរាយការណ៍ប្រាប់អាជ្ញាធរ ចៀសវាងជួលគេយកទៅចោលអនាធិបតេយ្យ បង្កឲ្យប៉ះពាល់បរិស្ថាន បើចាប់បាននិងអនុវត្តតាមច្បាប់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.