មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅយប់ថ្ងៃទី២៩ឈានចូលថ្ងៃទី៣០ខែក្កដា នេះបណ្តាលឲ្យផ្ទះ១ខ្នងរងការខូចខាតរួមទាំងទ្រព្យសម្បត្តិជាច្រើនផងដែរ ។

មន្ត្រីការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានឲ្យដឹងថា÷ អគ្គិភ័យនេះបានកើតឡើងនៅអំឡុងពេលរំលងអាធ្រាតថ្ងៃទី ២៩ ឈានចូល ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ត្រង់ចំណុចក្រុមទី ០៥ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

គ្រោះថ្នាក់ដោយចៃដន្យនេះបានបំផ្លាញសំយាបផ្ទះមួយខ្នងមានទំហំ ៤ម៉ែត្រ x៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី។ម្ចាស់ផ្ទះមានឈ្មោះភា ផុន ភេទប្រុស អាយុ ៣៥ឆ្នាំជាប្តី ចំណែកប្រពន្ធឈ្មោះទូច ដាវី អាយុ ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅទីតាំង កើតហេតុខាងលើ។

អ្នកស្រីទូច ដាវី បញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យកើតឡើងនេះ អាចបណ្តាលមកពីអ្នកស្រីអុជធូបមូសនៅក្បែរក្រណាត់ ឬក្រដាសទើបបង្កជា អណ្តាតភ្លើងឆាបឆេះឡើងតែម្តង។

គ្រោះអគ្គិភ័យនោះ បានបំផ្លាញឈើបម្រុងធ្វើផ្ទះប្រមាណ ១៥ម៉ែត្រគូប, ឆេះម៉ាស៊ីនភ្លើងចំនួន ២គ្រឿង, ឆេះធុងទឹកកកចំណុះ ១០០០ លីត្រចំនួន ០៥, ឆេះម៉ូតូចំនួន ០២គ្រឿង, ការ៉ុងសចំនួន ១០០០ ការ៉ុង, អំបិលចំនួន ០២តោន, ប្រេងម៉ាស៊ូតចំនួន ១០កាដុង, កង់ចំនួន ០៣គ្រឿង, ឡាន Vigo រួញផ្នែកខាងមុខ និងសម្ភារផ្សេងៗមួយចំនួនទៀត។

យ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យនេះមិនបានបណ្តាលឲ្យមានអ្នករងរបួសឬបាត់បង់ជីវិតនោះ ឡើយ៕

អត្ថបទ៖ដំបងក្រញូង

Share.