ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១នេះ បានបង្ហាញ នូវដំណោះស្រាយសុវត្ថិភាព ៤ ចំណុច សម្រាប់ពលករខ្មែរដែលកំពុងធ្វើការនិង ស្នាក់នៅ ប្រទេសថៃ។

ក្នុងនោះក្រសួងបានណែនាំឲ្យបងប្អូននៅទីនោះទាំងអស់រក្សាភាពស្ងៀមស្ងាត់នៅនឹងកន្លែង ដដែល ពោលគឺកុំចល័តចេញពីកន្លែងស្នាក់នៅ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃឱ្យសោះ ពីព្រោះ ការធ្វើដំណើរទាំងប្រថុយប្រថាននេះ ពិតជាអាចប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លង និងការ ចម្លងជំងឺកូវីដ-១៩ ពិសេសគឺប្រភេទបំប្លែងថ្មី Delta។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈណែនាំដូចខាងក្រោម៖

កុំចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឆ្ពោះមកព្រំដែនកម្ពុជា-ថៃ រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ប្រសិនបើមាន ធុរៈ ចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញ សូមពលករមេត្តារង់ចាំរហូត ដល់ក្រោយថ្ងៃទី១២ ខែសីហា។

ប្រសិនជាពលករធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាមួយក៏ដោយ គឺនឹង ត្រូវគេតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលបំផុស ឬដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ហើយត្រូវប្រឈមនឹងការចាត់ វិធានការតាមច្បាប់ផងដែរ។

ក្នុងរយៈពេលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ប្រសិនជាពលករមានបញ្ហានៅកន្លែង ធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ នៅរៀងរាល់ម៉ោងធ្វើការ (តាមរយៈទូរស័ព្ទលេខ 092 8050 561 ឬ 094 0925 905 ឬ 062 1413 009 ឬ 086 7999 957) ឬពលករអាចទំនាក់ទំនងទៅក្រុមការងារស្ម័គ្រចិត្ត នៃក្រុមការងារទឹកចិត្តពលករនៅថៃ តាមរយៈក្រុមតេឡេក្រាមឈ្មោះ «ជំនួយកូវីដ-១៩ នៅថៃ» ដែលមានលីងតំណភ្ជាប់ https://t.me/helpkhmerinthailand) ដើម្បីស្ថានទូត ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តពិនិត្យ និងខិតខំស្វែងរកដំណោះស្រាយជូនពលករ។ ពលករគួរខិតខំព្យាយាមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសថៃ ដូចមានក្នុងឧបសម្ព័ន្ធ១ នៃសេចក្តីជូនដំណឹងនេះផងដែរ។

ចំពោះពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថាត្រូវទំនាក់ទំនងទៅផ្នែកណា គឺពលករអាចទទួល ការ ពិគ្រោះយោបល់អំពីការព្យាបាលជំងឺកូវីដ-១៩ តាមរយៈក្រុមតេឡេក្រាមឈ្មោះ «ពិគ្រោះកូវីដ-១៩ នៅថៃ» ដែលមានលីងតំណភ្ជាប់ https://t.me/consultcovidinthailand ដែលមានក្រុម គ្រូពេទ្យសម្រាប់ផ្តល់ប្រឹក្សាយោបល់បឋម និងមានក្រុមស្ម័គ្រចិត្ត ដើម្បីផ្តល់កញ្ចប់ថ្នាំ ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលជូនពលករក្នុងករណីចាំបាច់៕

Share.