បាត់ដំបង÷ ទឹកភ្លៀងធ្លាក់ច្រើនជាប់ៗគ្នានៅប៉ែកខាងលើបង្កជន់លិចលំនៅឋានពលរដ្ឋជិត៣០០គ្រួសារ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ស្រេង សុខា អភិបាលស្រុកបាណន់បានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣នេះថា រយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ពិសេសនៅតំបន់នាងឡេម តំបន់ព្រៃព្រាល និងតំបន់ជាប់គ្នាផ្សេងៗទៀតក្នុងភូមិសាស្ត្រស្រុកបវេល បានហូរចាក់ចូលទីទំនាបក្នុងអាងស្តុកទឹកកំពីងពួយ ក៏ដូចជាហូរចាក់តាមអូរ ប្រឡាយនានាបានបង្កជាទឹកជំនន់យ៉ាងក្រាស់ក្រែលធ្វើឲ្យលិចលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន ២៧១ខ្នងក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកបានបន្ថែមដែរថា បើទោះបីជាទឹកភ្លៀងនៅតែបន្តជោរជន់ឡើងបែបនេះ ក៏នៅមិនទាន់មានការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋាននៅឡើយ ដោយសារបងប្អូនប្រជាពលរដ្ឋមិនចង់ចាកចេញពីលំនៅឋានរបស់ពួកគាត់ឡើយ ដោយហេតុថាពួកគាត់ធ្លាប់ជួយប្រទះជារឿយៗមកហើយ មិនខុសប្លែកពីកន្លងមកទេ។

ក្រៅពីជំនន់ទឹកភ្លៀងបង្កជន់លិចខ្នងផ្ទះរបស់ពលរដ្ឋខាងលើ នៅមានការជនន់លិចកំណាត់ផ្លូវបេតុងមួយកំណាត់ប្រវែង១២០០ម៉ែត្រ, ផ្លូវគ្រួសក្រហម៦កន្លែងប្រវែង៤៤៥០ម៉ែត្រ និងដំណាំស្រូវ ដំណាំរួមផ្សំចំនួន១១៨ហិកតាផងដែរក្នុងភូមិសាស្ត្រស្រុកបាណន់នេះ។ តាមមន្ត្រីមូលដ្ឋានដដែលបានបញ្ជាក់ឲ្យដឹងបន្តថា មកទល់រសៀលថ្ងៃថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ ជំនន់ទឹកភ្លៀងនៅតែបន្តកើនឡើង ដោយមិនមានស្រកស្រុតឡើយ៕

អត្ថបទ៖ ដំបងក្រញូង

Share.