ពានរង្វាន់ Jakarta Anniversary Tournament មានអាយុកាល៩សម័យកាលប៉ុណ្ណោះ ពោលគឺដំណើរការពីឆ្នាំ១៩៧០ ដល់១៩៨១ ដោយធ្វើឡើងរាល់ឆ្នាំ ប៉ុន្តែចន្លោះនោះ គឺនៅឆ្នាំ១៩៧៧, ១៩៧៩ និង១៩៨០ មិនមានការរៀបចំនោះទេ។ ក្នុងចំណោម៩លើកដែលម្ចាស់ផ្ទះឥណ្ឌូណេស៊ីរៀបចំនៅរដ្ឋធានីហ្សាកាតា កម្ពុជា ធ្លាប់បានអញ្ញើញឱ្យចូលរួមចំនួន២លើកដែរ ព្រមទាំងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង២លើក។

លើកដំបូងនៅឆ្នាំ១៩៧១ ប្រទេសឥណ្ឌូនេស៊ី បានអញ្ញើញប្រទេសសរុបចំនួន៩ក្រុមចូលរួមប្រកួត ដោយបែងចែកជា៣ពូល ប្រព្រឹត្តិទៅពីថ្ងៃទី៥ ខែមិថុនា រហូតដល់ថ្ងៃទី២០ ខែមិថុនា នៅកីឡដ្ឋាន Senayan Stadium ដោយពូល A មានឥណ្ឌូនេស៊ី, ភូមា និង សិង្ហបុរី ហើយ ពូល B មានម៉ាឡេស៊ី, សាធារណរដ្ឋខ្មែរ និង អូស្ត្រាលីខាងលិច និងពូល C មានថៃ កូរ៉េខាងត្បូង XI និងឥណ្ឌា។ ជាលទ្ធផលប្រកួតបើកឆាក សាធារណរដ្ឋខ្មែរ ស្មើគ្នា ២–២ ទល់ អូស្ត្រាលីខាងលិច ហើយប្រកួតទី២ សាធារណរដ្ឋខ្មែរ បន្តស្មើគ្នាជាមួយម៉ាឡេស៊ី ១-១។ ដូច្នេះម៉ាឡេស៊ី ឈរលេខ១ កម្ពុជា ឈរលេខ២ ខណៈពូល A មានឈ្មោះទៅប្រកួតជុំទី២ ក្នុងវគ្គចែកពូលបន្តទៀត។

វគ្គចែកពូលជុំទី២នេះចំរាញ់យកក្រុមលេខ១និងលេខ២ ក្នុងពូលទាំង៣ រួចបែងចែកជា២ពូលទៀត ដោយក្នុងនោះពូល X មានភូមា, ម៉ាឡេស៊ី និងអូស្រ្តាលីខាងលិច ហើយពូល Y មានឥណ្ឌូណេស៊ី សាធារណៈរដ្ឋខ្មែរ និងថៃ។ ប្រកួតដំបូង កម្ពុជា បានចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ១-០ ហើយប្រកួតបន្តបានឈ្នះលើ ថៃ ៣-០។

ជំនួបជាមួយថៃ នៅឆ្នាំនោះកីឡាកររបស់កម្ពុជា បានរងរបួសជាច្រើននាក់ ដោយសារកីឡាកររបស់ថៃ វាយ រហូតដល់មានខ្លះសន្លប់ ធ្វើអោយកម្ពុជា មិនមានកីឡាករគ្រប់គ្រាន់ក្នុងការប្រកួតបន្តជាមួយភូមា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺចាញ់រហូតដល់៧ទល់១។ កីឡាករថៃ ដែលបង្ករជម្លោះនៅគ្រានោះដែរ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ថៃ ពិន័យមិនអោយចូលប្រកួតរហូតដល់៦ខែ។

បើតាមលោក ប៉ែន ផាត អតីតសមាជិកក្រុមជម្រើសកម្ពុជា ដែលបានបង្ហាញខ្លួនក្នុងការប្រកួតនៅពេលនោះ បញ្ជាក់ថាក្រោយបង្កជម្លោះជាមួយកីឡាករខ្មែរ អ្នកគាំទ្រជនជាតិឥណ្ឌូណេស៊ី ដែលស្រលាញ់ចូលចិត្តក្រុមខ្មែរ បាននាំគ្នាតាមរករឿងកីឡាករថៃ ដល់សណ្ឋាគារ រហូតធ្វើឱ្យក្រុមថៃ ចាកចេញពីហ្សាកាតា ទៅស្រុកកំណើតខ្លួនទាំងយប់ ដោយបោះបង់ឱកាសប្រកួតយកចំណាត់ថ្នាក់លេខ៥ទល់នឹងក្រុមកូរ៉េខាងត្បូង។

នៅឆ្នាំ១៩៧១ នោះចំណាត់ថ្នាក់ជើងឯកបានទៅភូមា ជើងឯករងបានទៅឥណ្ឌូណេស៊ី ហើយម៉ាឡេស៊ី ឈ្នះមេដាយសំរឹទ្ធិ និងកម្ពុជា ឈរលេខ៤។

ចំណែកការចូលរួមប្រកួតលើកទី២ គឺនៅឆ្នាំ១៩៧២ ដោយកម្ពុជា បន្តទទួលការអញ្ញើញពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ចូលរួមប្រកួតក្នុងពានរង្វាន់នេះម្តងទៀត ដោយលើកនេះមានក្រុមកើនដល់១០ក្រុម ប្រកួតពីថ្ងៃទី៥ ដល់២០ ខែមិថុនា ក្នុងរដ្ឋធានីហ្សាកាតា ដដែល។ ពូល A មានឥណ្ឌូណេស៊ី, ភូមា B, ម៉ាឡេស៊ី, ស្រីលង្កា និងឡាវ ចំណែកពូល B មានកូរ៉េខាងត្បូង,សាធារណៈខ្មែរ, ហ្វីលីពីន, ថៃ និងសិង្ហបុរី។

ជាលទ្ធផល ក្រុមសាធារណរដ្ឋខ្មែរ ឈ្នះសិង្ហបុរី ៣-០ ហើយប្រកួតបន្តក្រុមរបស់កម្ពុជា បន្តឈ្នះថៃ ២-០ តែចាញ់កូរ៉េខាងត្បូង B ដោយលទ្ធផល ២-០ និងចុងក្រោយ សាធារណរដ្ឋខ្មែរ យកឈ្នះហ្វីលីពីន ៤-០។ ដូច្នេះពូល B ក្រុមកូរ៉េខាងត្បូង B និងសាធារណៈរដ្ឋខ្មែរ ដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលពូល A ក្រុមឥណ្ឌូណេស៊ី និងភូមា B ឡើងជុំបន្តដូចគ្នា។ ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមឥណ្ឌូនេស៊ី ឈ្នះសាធារណរដ្ឋខ្មែរ ៤-០ ហើយកូរ៉េខាងត្បូង B ឈ្នះភូមា ២-១។ ចំណែកវគ្គចំណាត់ថ្នាក់លេខ៣ សាធារណរដ្ឋខ្មែរ ឈ្នះ ភូមា B ដោយលទ្ធផល ៣-០ ហើយ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឈ្នះវគ្គផ្តាច់ព្រ័ត្រ លើកូរ៉េខាងត្បូង B ដោយលទ្ធផល ៥-២៕

Share.