ភ្នំពេញ៖ អង្ករស(White Rice)​របស់កម្ពុជាចំនួន ៣,៥០០ តោន បានដឹកទៅដល់កំពង់ផែនប្រទេសឥណ្ឌូនេស៊ីហើយ ហើយពិធីបើកទូរកុងតឺន័រ​ក៏រៀបចំធ្វើជាផ្លូវការផងដែរនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លើទឹកដីប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ាន។ នេះបើតាមព័ត៌មានទទួលបានពីក្រុមតេឡេក្រាមអ្នកនាំពាក្យក្រសួងកសិកម្មរបស់លោកលោកជំទាវ អ៊ឹម រចនា។

ពិធីបើកទូរកុងតឺន័រ​អង្ករសនៅប្រទេសឥណ្ឌូនេស៊ី។រូបភាពពីអ្នកនាំពាក្យក្រសួងកសិកម្ម។

ផ្អែកតាមព័ត៌មានដែលទទួលបានពីអ្នកនាំពាក្យក្រសួងកសិកម្ម ការសម្រេចបានការនាំចេញអង្ករសជើងដំបូងទៅកាន់ប្រទេសដីកោះមួយនេះ ជាលទ្ធផលកើតចេញពីកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេចតាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ។

សន្និសីទកាសែតការទទួលទិញអង្ករសពីប្រទេសកម្ពុជា។រូបភាពពីអ្នកនាំពាក្យក្រសួងកសិកម្ម។

លោក លន់ យ៉េន អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់សារព័ត៌មានត្រយងថា បច្ចុ ប្បន្នប្រទេសជាច្រើនលើពិភពលោកនិយមទិញប្រភេទអង្ករសនេះណាស់ ដ្បិតមានតម្លៃថោកសមរម្យ មានរសជាតិឆ្ងាញ់ ពិសេសអាចយកទៅច្នៃបន្តជាផលិតផលផ្សេងៗទៀតបានច្រើន។ សម្រាប់កម្ពុជាវិញលោកថា ប្រភេទអង្ករស ឬហៅថាអង្ករមិនក្រអូបនេះ គឺមានដាំដុះច្រើន ងាយទទួលផល ហើយទីផ្សារក្រៅប្រទេសក៏សម្បូរបែបផងដែរ។ បច្ចុប្បន្នប្រទេសវៀតណាមជាទីផ្សារនាំមុខក្នុងការប្រមូលទិញអង្ករសនេះពីកម្ពុជា។

លោក លន់ យ៉េន អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា។រូបភាពពីតេឡេក្រាមលោក លន់ យ៉េន។

នៅក្នុងសន្និសិទសារពត៌មាន ឯកឧត្តម  Areif Prasetyo Adi អគ្គនាយក NFA និង លោក Akhmad Kholisun ប្រធានក្រុមហ៊ុន ប៊ូឡុក សាខាខេត្តចាវាកណ្ដាល ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា អង្ករស (White Rice) របស់កម្ពុជា ពិតជាមានគុណភាពល្អ ហើយសូមភាគីកម្ពុជាត្រៀមលក្ខណៈក្នុងការផលិតអង្ករកម្ពុជា ឱ្យបានច្រើនថែមទៀត ដើម្បីនាំចេញមកកាន់ទីផ្សារឥណ្ឌូនេស៊ីក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេកម្ពុជាបានទទួលការបញ្ជាទិញអង្ករពីក្រុមហ៊ុន Perum BULOG ឥណ្ឌូនេស៊ី មកកាន់ក្រុមហ៊ុន Green Trade កម្ពុជា ក្នុងបរិមាណសរុប ចំនួន ១០,០០០ តោន សម្រាប់ឆ្នាំ២០២៣។ តាមរយៈព័ត៌មានពីក្រុមហ៊ុន Green Trade បញ្ជាក់ថា អង្ករសចំនួន ៣,៥០០ តោនផ្សេងទៀត គ្រោងនឹងបញ្ជូនចេញពីប្រទេសកម្ពុជា នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ទូរកុងទីន័រអង្កររបស់កម្ពុជា។រូបភាពពីអ្នកនាំពាក្យក្រសួងកសិកម្ម។

យោងតាមរបាយការណ៍​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានបញ្ជាក់​ទៀតថា រយៈពេល ៧ ខែក្នុងឆ្នាំ ២០២៣នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសក្នុងបរិមាណ ៣៦២,៧៩៨ តោន ទៅកាន់ប្រទេសគោលដៅចំនួន ៥២ នៅលើពិភពលោកដោយបរិមាណនេះស្មើនឹង ៥២ ភាគរយនៃផែនការ ៧០ ម៉ឺនតោន។​

ក្នុង​បរិមាណ​អង្ករ​ចំនួន​ ៣៦២ ៧៩៨ ​តោន​នេះ គិត​ជាត​ម្លៃ​ទឹកប្រាក់​សរុប ​២៥៣,៨៦ ​លាន​ដុល្លារ​។ អង្ករកម្ពុជាត្រូវបាននាំ​ចេញទៅ​ប្រទេស​ចិន​និង​តំបន់​រដ្ឋបាល​ស្វយ័តប្រទេសចិន ​ទ្វីបអឺរ៉ុប ប្រទេស​ក្នុង​តំបន់​អាស៊ាន ​និង​នាំ​ចេញទៅ​ ២២ ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អ្រា​ហ្វិ​ក​មជ្ឈិមបូព៌ា៕

Share.