ភ្នំពេញ ៖ ស្ត្រីម្នាក់មានជំងឺប្រព័ន្ធប្រសាទ ពោលគឺសតិមិនប្រក្រតីបានរើជំងឺឡើង ធ្វើឱ្យនាងខឹងម្តាយដោយសារមិនឱ្យដើរចេញក្រៅផ្ទះ ទាញបានកូនកាំបិតចុងស្រួចចាក់ម្ដាយបណ្តាលឱ្យរងរបួសធ្ងន់ដេកដួល រីឯឪពុករត់ចូលទៅជួយចាប់ កូនស្រីក៏ចាក់លើឪពុកបន្ថែមម្នាក់ទៀតរហូតបាត់បង់ជីវិតពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរ។

សាកសពជនរងគ្រោះ។

ចំណែកឯម្តាយវិញក៏រងរបួសធ្ងន់ធ្ងរកំពុងជួយសង្គ្រោះបន្ទាន់។ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនកូនស្រីជាជនដៃដល់កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅនៅផ្ទះលេខB៤៤ ផ្លូវលេខ៤ បុរីម៉នដានី គម្រោងទី១០ ក្នុងភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវជាឪពុកបានស្លាប់ មានឈ្មោះ លាង ម៉េងលាភ អាយុ៦០ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ។ ចំណែកម្តាយរងរបួសធ្ងន់ធ្ងរមាន ឈ្មោះ ឈន មួយហេង អាយុ៥៩ឆ្នាំ មុខរបរមេផ្ទះ ។ កូនស្រីជាជនដៃដល់ មានឈ្មោះ លាង ហែមវត្តី អាយុ៣០ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ គ្រួសារខាងលើ រស់នៅផ្ទះកើតហេតុជុំគ្នាទាំងអស់ ។

ផ្ទះទីតាំងកើតហេតុ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ កូនស្រីជាជនសង្ស័យបានទាមទារម្តាយចេញដើរទៅក្រៅផ្ទះ តែត្រូវបានម្តាយរារាំងមិនអនុញ្ញាតិឱ្យចេញដើរទៅក្រៅ ព្រោះកន្លងមក ដើរចេញក្រៅធ្លាប់បាត់ខ្លួនពិបាកដើរស្វែងរក។ ការហាមនេះធ្វើឱ្យកូនស្រីខឹង ស្ទុះវឹងវាយម្តាយ ប្រវាយប្រតប់ ទាញបានកូនកាំបិតចុងស្រួច ចាក់លើម្តាយ ២កាំបិតចំក្រោមដោះឆ្វេង របួសដេកដួល។ ឃើញដូច្នោះ ឪពុកនិងកូនស្រីពៅ ដែលកំពុងអង្គុយលេងក្រៅផ្ទះ ស្ទុះរត់ចូលទៅចាប់ ត្រូវបានកូនស្រីដេញចាក់ឪពុក រហូតដល់ចង្ក្រានបាយ របួសថ្ងាស ក្រោមក្លៀកឆ្វេង ដែលសន្លប់ក្នុងថ្លុកឈាម ឃើញសភាពវឹកវរបែបនេះ កូនស្រីពៅបានរត់ចេញទៅតាមហៅបងប្អូន ដែលរស់នៅផ្ទះ ក្នុងបុរីនោះដែរ សម្រុកចូលទៅ យកជនរងគ្រោះ ឪពុកនិងម្តាយ ដឹកតាមរថយន្តផ្ទាល់ខ្លួន យកទៅមន្ទីរពេទ្យតេជោសន្តិភាព។ តែជាអកុសល ឪពុកបានស្លាប់ ម្តាយរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ។ ចំណែកកូនស្រីជាជនដៃដល់វិញ ក្រោយកើតហេតុ បានរត់គេចចូលទៅសង្ងំក្នុងផ្ទះអ្នកជិតខាង បង្កឱ្យភ័យផ្អើលនាំគ្នារត់គេច សមត្ថកិច្ចចុះទៅអន្តរាគមន៍ ចាប់ឃាត់បាននាំយកទៅផ្នែកឃំនាញខណ្ឌ ។

ករណីឃាតកម្មខាងលើ បណ្តាលឱ្យឪពុកស្លាប់ ត្រូវបានសមត្ថកិច្ច ជំនាញ គ្រូពេទ្យ ចុះទៅពិនិត្យកោសល្យវិច័យរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកកូនស្រី ក្លាយជាឃាតករ សម្លាប់ឪពុកខ្លួនឯង ក៏ដោយសារសតិមិនប្រក្រតី រហូតមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កុំថាឡើយ មិននិយាយស្តីជាមួយសមត្ថកិច្ច ទោះជាព្យាយាមសាកសួរយ៉ាងណាក្តី មានតែរកស្រាតខោអាវចេញ តែទោះជាយ៉ាងណាក្តីសមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖​ តាតុងសែនជ័យ

Share.