ភ្នំពេញ ៖ រថយន្ត MITSUBISHI មួយគ្រឿងបើកបោះពួយ វ៉ាជែងលឿនជ្រុលទៅបុករថយន្តកូរ៉េ ហុីយ៉ាន់ដាយ ដឹកគ្រឿងសមុទ្រ កំពុងបើកច្រាសទិស បណ្តាលឲ្យរថយន្តបង្កខ្ទេចមុខទាំងស្រុង ចំណែករថយន្តកូរ៉េ ខ្ទេចមួយចំហៀង និងដាច់កង់ម្ខាង នៅតាមផ្លូវជាតិលេខ៤ មុខសាលាអូរដឹម ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង២០នាទីយប់ ច្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តម៉ាក MITSUBISHI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-8226 បើកល្បឿនពីកើតទៅលិច វ៉ាជែងរថយន្តខាងមុខជាបន្តបន្ទាប់ មិនបានប្រកាន់គន្លងផ្លូវ ហើយក៏មិនគោរពសិទ្ធយានផ្សេងដែរ លុះដល់ចំណុចខាងលើ ខណៈដែលវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុកពីខាងមុខផ្នែកចំហៀងរថយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8295 ដឹកគ្រឿងសមុទ្រ ដែលបើកពីលិចទៅកើត ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តកូរ៉េខ្ទេចមួយចំហៀង ដាច់កង់មុខម្ខាង ចំណែករថយន្តMITSUBISHI ខ្ទេចមុខទាំងស្រុង ផ្ទុះពោងសុវត្តិភាព សំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ ដោយភាគីខាងរថយន្តកូរ៉េ ជាប់មមាញឹករកសុី ទើបមិនចង់ឲ្យមានរឿងវែងឆ្ងាយ សុខចិត្ត មិនទាមទាររកខុសត្រូវ រកសំណងអ្វីដែរ សុំយករថយន្តទៅជួសជុលរៀងខ្លួន ។ 

តែទោះជាយ៉ាងណាក្តី ថ្វីកាលបើភាគីសងខាងនិយាយត្រូវគ្នាមែន ខណៈដែលរថយន្តទាំង២គ្រឿង មិនទាន់ស្ទូចលើកចេញ ធ្វើឲ្យចរាចរកកស្ទះ លើកំណាត់ផ្លូវជាតិលេខ៤ កម្លាំងសមត្ថកិច្ចចុះទៅសម្រួល ៕

អត្ថបទ៖ តាតុង ពោធិ៍សែនជ័យ

Share.