ប៉ុស្ដិ៍​ទូរទស្សន៍ ស្រីលង្កា មួយ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ K-Pop ដ៏​ល្បីល្បាញ​ BTS ខឹងសម្បារ​ខ្លាំង​ ដោយ​សារ​តែ​ប៉ុស្តិ៍​នេះ​រមែង​តែង​តែ​និយាយ​ថា​ក្រុម​ចម្រៀង​បុរស​ដ៏​ល្បី​នេះ​នឹង​បង្ហាញ​វត្តមាន​លើ​ប៉ុស្តិ៍​របស់​ខ្លួន​ ប៉ុន្តែ​មិន​ដែល​ឃើញ​វត្តមាន​ម្ដង​ណា​មួយ​ឡើយ​។

​​កម្មវិធី​ «Jathika Rupavahini» កំពុង​​តែ​ត្រូវ​អ្នក​ទស្សនិកជន​ ពិសេស​ក្រុម​អ្នក​គាំទ្រ​ក្រុម​ BTS ខឹង​ព្រោះ​តែ​ប៉ុស្តិ៍​មួយ​នេះ​ចេះ​តែ​លើក​ឡើង​រហូត​ថា​​នឹង​ធ្វើ​ការ​អញ្ជើញ​ BTS មក​សម្ភាសន៍​ក្នុង​កម្មវិធី​ ដោយ​ពិធីករ​ប​ាន​លើក​ឡើងថា​ស្ថានីយ​របស់​ខ្លួន​នឹង​អញ្ជើញ​ក្រុម​បុរស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​លំដាប់​ពិភពលោក BTS មក​កាន់​ស្ថានីយ​របស់​ខ្លួន​ ប៉ុន្តែ​ជា​រឿយ​ៗ​ កម្មវិធី​តែងតែ​លើក​ហេតុផល​ដោះសារ​ផ្សេងៗ​​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ដោយ​លើក​ឡើង​ថា​ ក្រុម BTS មាន​តារាង​ការងារ​ដ៏​ណែន​ដែល​ធ្វើ​ឱ្យ​ពិបាក​នឹង​ដក​ឃ្លា​រួច​។

យ៉ាងណា​មិញ​​ពិធីករ​របស់​ស្ថានីយ​នេះ​បាន​អះអាង​ថា​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ក្រុម BTS ន​ឹង​បង្ហាញ​វត្តមាន​ជា​ភ្ញៀវ​កិត្តិយស​ក៏​ដូច​ជា​សម្ដែង​បទ​ចម្រៀង​របស់​ខ្លួន​ក្នុង​កម្មវិធី​ ប៉ុន្តែ​ពេល​ដល់​ថ្ងៃ​ពិធីករ​បាន​ដោះសារ​ដដែល​ជា​ដដែល​ថា​ ក្រុម​នេះ​មិន​អាច​មក​បាន​ដោយ​សារ​​មាន​សមាជិក​រវល់​ ម្យ៉ាង​ដោយ​កម្មវិធី​ចង់​អញ្ជើញ​សមាជិក​ក្រុម​មក​ទាំង​អស់​មិនមែន​មក​ម្ដង​មួយ​ឬ​ពីរ​ទើប​ មិន​ទាន់​អាច​ឱ្យ​ក្រុម​ BTS ឡើង​​មក​ចូលរួម​កម្មវិធី​បាន​។

មក​ដល់​ពេល​នេះ​ អ្នក​ទស្សនា​ ពិសេស​ក្រុម​អ្នក​គាំទ្រ​ BTS កំពុង​តែ​ខឹង​យ៉ាង​ខ្លាំង​ដោយ​គេ​ជឿ​ថា​​កម្មវិធី​ទូរទស្សន៍​របស់​ប្រទេស​សិរី​លង្កា​មួយ​នេះ​បាន​ផ្ដល់​ព័ត៌មាន​បោកប្រាស់​ដល់​អ្នក​ទស្សនា​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពិសេស​អត្រា​ទស្សនា​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ ដោយ​អ្នក​ទាំង​អស់​នោះ​បាន​បង្ហាញ​ពី​ភាព​ក្ដៅ​ក្រហាយ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ថា​ពួក​គេ​ពេល​នេះ​បាន​ដឹង​ហើយ​ថា​កម្មវិធី​បាន​បន្ដ​កុហក​ប្រជាជន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​​ជា​សាធារណៈ​៕

Telegram-Troryorng
Share.