សិល្បៈ​ជាតិ​៖ មួយ​រយៈ​ហើយ​ដែល​អ្នក​គាំទ្រ​អ្នក​នាង​ ទ្រី ដាណា​ បាន​ចាប់​ផ្គូផ្គង​អ្នក​នាង​ និង​បុរស​សង្ហា សេង មង្គល​ ដែល​ជា​ BA ប្រចាំ​​ផលិតផល​របស់​ក្រុមហ៊ុន​​ N.N.P។ ប៉ុន្តែ​​ថ្ងៃ​នេះ​អ្នក​គាំទ្រ​កប៉ាល់​ ដាណានិង​មង្គល​ ប្រហែល​ជា​ត្រូវ​ខក​ចិត្ត​ខ្លាំង​​ ព្រោះ​ព្រះ​រាជ​បុត្រ​ពិត​ក្នុង​បេះដូង​​របស់​​ឧកញ៉ា ទ្រី ដាណា គឺ​បុរស​សង្ហា​ រស់ ​រាជ្ជសាល ដោយ​ថ្ងៃ​នេះ​ ​​អ្នក​ទាំង​ពីរ​បាន​ដឹកដៃ​គ្នា​ចូល​រោងជ័យ​ ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​យ៉ាង​គគ្រឹកគគ្រេង​ ក្រោម​សំឡេង​អបអរសាទរ​របស់​ចាស់​ទុំ មិត្ត​ភក្ដិ និង​ញាតិ​មិត្ត​ទាំង​សង​ខាង​។

មែន​ទែនទៅ ​ការ​ផ្គូផ្គង​តារា​សម្ដែង​រូប​សង្ហា​ សេង មង្គល និង​អ្នក​នាង​ ទ្រី ដាណា ព្រោះ​តែ​អ្នក​ជុំវិញ​ខ្លួន​មើល​ឃើញ​ពី​ភាព​ស្និតស្នាល​រវាង​អ្នក​កំលោះ​រូប​សង្ហា​ ដែល​ជា​ BA និង​ម្ចាស់​ប្រេន ថែម​ទាំង​ឧស្សាហ៍​ឃើញ​វត្តមាន​លោក​មាន​នៅ​គ្រប់​កម្មវិធី​សំខាន់​ៗ​របស់​ក្រុមហ៊ុន​អ្នក​នាង​ថែម​ទៀត​ផង​ ខណៈ​ដែល​ភាពយន្ត​ដំបូង​ដែលអ្នក​នាង​ ទ្រី ដាណា បាន​សម្ដែង​ក្នុង​រឿង​ «តាម​ចាប់​ស្នេហ៍​» ​ក៏​មាន​លោក សេង មង្គល​ ជា​តួ​ឯក​ប្រុស​ផង​ដែរ។​

យ៉ាង​ណា​មន្ទិល​សង្ស័យ​នៃ​ទំនាក់ទំនង​ស្នេហា​រវាង​ឧកញ៉ា​រូប​ស្រស់​និង​ ​តួ​ឯក​ប្រុស​ដ៏​ល្បី​ប្រចាំ​ប្រទេស​ បាន​លាត​ត្រដាង​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​នេះ​ នៅពេល​ដែល​អ្នក​​ជំនួញ​ស្ត្រី​ដ៏​ជោគជ័យ​រូប​នេះ​ បាន​​ចូលរោង​ជ័យ​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​បុរស​វ័យ​ក្មេង​ដ៏​ស្រស់​សង្ហា​គឺ​លោក​​ រស់​ រាជ្ជសាល។

តាម​ពិត​​ដើម​ឈើ​ស្នេហ៍​រវាង​ ​អ្នក​នាង​ ទ្រី ដាណា និង​លោក​ រស់ រាជ្ជសាល បាន​ដាំ​បណ្ដុះ​មួយ​រយៈ​កន្លង​មក​ហើយ​ ប៉ុន្តែ​ មិន​សូវ​ជា​មាន​អ្នក​ចាប់​អារម្មណ៍ រហូត​ដល់​ថ្ងៃ​អាទិត្យ​ ទី​៥ ខែ​វិច្ឆិកា ដែល​ស្នេហា​ដ៏​ផ្អែមល្ហែម​នេះ​​កាន់​តែ​ច្បាស់​លាស់​ ថែម​ទាំង​ភាគី​ខាង​ប្រុស​ បាន​ចេញ​មក​បង្ហោះ​រូប​ភាព​ផ្អែមល្ហែម​របស់​ខ្លួន​និង​នារី​បណ្ដូល​ចិត្ត​នៅ​លើ​បណ្ដាញ​សង្គមទាំង​ ហ្វេសប៊ុក​ និង​ Tiktok ហើយ​ទទួល​បាន​ការ​អបអរសាទរ​យ៉ាង​ច្រើន​កុះករ​ ពី​បណ្ដា​មិត្ត​ភក្ដិ ​និង ​បងប្អូន​ សាច់ញាតិ​គ្រប់​ៗ​គ្នា​។

សូម​ជំរាប​ជូន​ថា​ បុរស​ដែល​ជា​គូ​ដណ្ដឹង​​ដ៏​ស្រស់​សង្ហា​របស់​អ្នក​នាង​ ទ្រី ដាណា ​​មាន​ឈ្មោះ​ពិត​ថា​ រស់​ រាជ្ជសាល លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព​​និង​ដុង​សិល្បៈ​​ពេញ​ប្រៀប​ ព្រោះ​លោក​​មិន​ត្រឹម​​តែ​ជា​តារា​សម្ដែង – ​តារា​ម៉ូដែល ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​ក៏​ជា​តារា​ចម្រៀង​​​ដែល​មាន​បទ​ចម្រៀង​ Original ផ្ទាល់​ខ្លួន​មាន​ចំណង​ជើង​ថា​ «រាល់​ថ្ងៃ​ទុក​បង​ជា​អ្វី»​ បាន​ចេញ​ឱ្យ​អ្នក​និយម​ចូលចិត្ត​ស្ដាប់​បទ​ចម្រៀង​បាន​ស្ដាប់​កម្សាន្ត​កាល​ពី​២​ឆ្នាំ​មុន​ ពោល​គឺ​ឆ្នាំ​២០២១។ ដំណឹង​ដ៏​រីករាយ​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​ដែល​ស្រលាញ់​ និង​គាំទ្រ​អ្នក​នាង​ ទ្រី ដាណា ចូលរួម​រំភើប​និង​រីករាយ​ ព្រោះ​ទីបំផុត​ ស្ត្រី​ជើង​ខ្លាំង​ក្នុង​វិស័យ​ជំនួញ​រូប​នេះ​ រក​បាន​បុរស​​ល្អ​ម្នាក់​ដែល​ចូលខ្លួន​មក​ជួយ​មើល​ថែ​និង​ស្អំ​បេះដូង​ដែល​ធ្លាប់​ខ្ទេចខ្ទាំ​របស់​អ្នក​នាង​ ឱ្យ​ត្រលប់​មក​ស្រស់​ស្រាយ​និង​មាន​ជីវិត​ជីវ៉ា​ឡើង​វិញ​។

Share.