សិល្បៈ​ជាតិ​៖ អ្នក​និយម​លេង​បណ្ដាញ​សង្គម​ tiktok ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់យុវជន​ Tara Sotaro ដែល​ជា​អ្នក​លក់​នំ​ Crepe ជប៉ុន​ដ៏​​ល្បី​នៅ​ក្នុង​ខេត្ត​សៀមរាប​។ មិន​ត្រឹម​តែ​នំ​គាត់​មាន​រសជាតិ​ឆ្ងាញ់​ទើប​ធ្វើ​ឱ្យ​គាត់​ត្រូវ​បាន​អ្នក​ខេត្ត​សៀមរាប​ស្គាល់​នោះ​ឡើយ​ ប៉ុន្តែ​ទង្វើ​និង​សកម្ម​ភាព​ដ៏​ល្អ​របស់​គាត់​នោះ​ទេ ដែល​បាន​ចងចិត្ត​បងប្អូន​អ្នក​ខេត្ត​សៀមរាប​ឱ្យ​ស្រលាញ់​និង​ចូលចិត្ត​ យុវជន​វ័យ​ក្មេង​រូប​នេះ​។

ជា​រឿយ​ៗ​ Tara Sotaro ក្រៅ​ពី​លក់​នំ​ហើយ​នោះ​ គេ​សង្កេត​ឃើញ​ថា​លោក​តែងតែ​ធ្វើ​នំ​ទៅ​ចែក​ឱ្យ​ក្មេង​ៗ​ក្រី​ក្រ​នៅ​ក្នុង​ខេត្ត​សៀមរាប​ជា​រឿយ​ៗ​។ បើ​តាម​ការ​សម្ភាសន៍​ពី​ផេក​មួយ​មាន​ឈ្មោះ​ថា​ BPro កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថ្មីៗ​នេះ​ Tara មក​ប្រទេស​កម្ពុជា​ និង​កំពុង​រស់​នៅ​ខេត្ត​សៀមរាប ព្រោះ​គេ​មាន​គោល​បំណង​ សង់​សាលា​រៀន និង​ជីកអណ្ដូងទឹក​សម្រាប់​បង​ប្អូន​រស់​នៅ​ក្នុង​សហគមន៍​។

ខណៈ​ដែល​វីដេអូ​របស់​ Tara មួយ​រយៈ​ក្រោយ​នេះ​ កំពុង​តែ​ធ្វើ​យុទ្ធនាការ​រំដោះ​ខេត្តសៀមរាប​ចេញ​ពី​សំរាម​ ក្នុង​នោះ​ក៏​មាន​យុវជន​និង​បងប្អូន​អ្នក​រស់​នៅ​ខេត្ត​សៀមរាប​ជា​ច្រើន​នាក់​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​សំអាត​ទីក្រុង​ដែល​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​ប្រទេស​កម្ពុជា​មួយ​នេះ​ផង​ដែរ​។

Tara និង Lyheng

បងប្អូន​អាច​ចូលរួម​ជួយ​កសាង​សាលារៀន និង​ជីក​អណ្ដូងទឹក​ ក៏ដូច​ជា​សកម្មភាព​ផ្សេង​ៗ​ជាមួយ​ Tara តាម​រយៈ​ការ​មិន​ចោល​សំរាម ដោយ​ការ​ទិញនំ​ដែល​គាត់​លក់​បាន​ ឬ​ទាក់ទង​ដើម្បី​ចូលរួម​សកម្មភាព​ជាមួយ​គាត់​តាម​តំណ​ភ្ជាប់​តេឡេក្រាម​នៅ​លើ​ឆាណែល​ tiktok របស់​គាត់​៕

Share.