ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់ ​CONCACAF Gold Cup ជា​លើក​ទី៧ ក្រោយ​យក​ឈ្នះ​​លើ​ក្រុម​ម៉ិចស៊ីកូ ដោយ​លទ្ធផល ១ទល់០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹក​​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន Allegiant Stadium ក្នុង​ទីក្រុង Paradise រដ្ឋ Nevada សហរដ្ឋអាមេរិក។

កីឡាករ Miles Gordon Robinson ជា​អ្នក​រក​បាន​គ្រាប់​បាល់​ក្នុង​ជ័យជម្នះ​លើ​ទឹកដី​ខ្លួន​របស់​សហរដ្ឋ​អាមេរិក នេះ​នៅ​នាទី​ទី​១១៨ ពោល​គឺ​ក្នុង​ម៉ោង​បន្ថែម​១៥នាទី​២ដង ខណៈ​លទ្ធផល​នៅ​ម៉ោង​ប្រកួត​៩០​នាទី​ពេញ បាន​ត្រឹម​ស្មើ​គ្នា ០ទល់០។ ការ​ប្រកួត​នេះ​ក្រោម​ការ​កាត់​សេចក្ដី​ពី​អាជ្ញាកណ្ដាល Said Martínez ជនជាតិ​ហុងឌុយរ៉ាស់ ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​​៦ម៉ឺន​នាក់។

ពានរង្វាន់ 2021 CONCACAF Gold Cup រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​​១០ ខែ​កក្កដា ដល់​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២១ នៅ​​​១០​កីឡដ្ឋាន ក្នុង​ចំណោម​៩ទីក្រុង​​របស់​​សហរដ្ឋអាមេរិក ដោយ​មាន​ក្រុម​ចំនួន​១៦​ចូលរួម បែងចែក​ជា​៤ពូល។ ក្រុម​​​ចំណាត់​ថ្នាក់​លេខ​១​និង​លេខ២​ក្នុង​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ និង​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ CONCACAF Gold Cup ជា​ការ​ប្រកួត​ជើង​ឯក​​ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង (បន្ថែម​តំបន់​អាមេរិកកណ្ដាល និង​​តំបន់​ការ៉ាប៊ីន) ហើយ​រៀបចំ​នៅ​រាល់​២ឆ្នាំ​ម្តង ខណៈក្រុម​​ជម្រើស​ជាតិ​ម៉ិចស៊ីកូ ជា​អ្នក​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១១​លើក​ឯណោះ៕

Telegram-Troryorng
Share.