កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថ បានបើកការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី ក្នុងកម្មពីធីខួបកំណើតជាង២០០គ្រាប់ ស្ថិតនៅចំណុចផ្ទះលំហែ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។

តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ទាំង ០២នាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាវេលាម៉ោងប្រហែល១២:០០នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ពួកគាត់ជួយរៀបចំផ្ទះ លៀងចាន-ឆ្នាំង ឱ្យគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះ របស់ឈ្មោះ រ៉ា ជាអ្នករស់នៅជាប់របងគ្នា ខណៈកំពុងសំរាកពួកគាត់បានលឺសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ហើយកន្លងមកឱ្យតែម្ចាស់ផ្ទះមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។


តាមការបំភ្លឺពីអ្នករស់នៅក្នុងភូមិជាមួយគ្នាបានឱ្យថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦:៣០នាទី រូបគាត់កំពុងធ្វើការ (ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងាររ ក៏ត្រឡប់ទៅផ្ទះវិញទៅ។

បន្ទាប់ពីការស្រាវជ្រាវសមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ , សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់, សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។ បច្ចុប្បន្ន ករណីខាងលើ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ដើម្បីរកមុខអ្នកដែរបង្កនាំទៅចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ទូច វិច្ឆិកា


Share.