សិល្បៈជាតិ៖ បុរសសង្ហាល្បីថាជា Boy Pakorn ស្រុក​ខ្មែរ បានចេញមុខ​បញ្ជាក់​ភាព​ស្អាតស្អំ​ឱ្យ​ខ្លួនឯង​វិញ ក្រោយ​រង​ការចោទប្រកាន់​ជាប់​ឈ្មោះ​ជា​ចោរ​អស់ ១ខែ។

ករណី​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង TikTok នាពេល​កន្លង​ដែល​ល្បី​ថា ចោរ​សង្ហា​មុខ​ដូច Boy Pakorn នៅ​ស្រុក​ខ្មែរ គឺ​លោក ចាន់ តុលា ដែលមាន​មុខរបរ​ជា​ជាង​ជួសជុល​ទូរស័ព្ទ បាន​រង​ការចោទប្រកាន់ថា​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​ចោរកម្ម​ដែល​ជនសង្ស័យ​ជា​បក្សពួក​បាន​ប្រព្រឹត្តិ​នៅ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៣ នៅវេលា​ម៉ោង ៤ ទៀបភ្លឺ ស្ថិតនៅ​ចំណុច ភូមិ​ស្តៅ​កន្លែង៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ហើយក៏​ត្រូវបាន​មហាជន​ច្រើន​វែកញែក​លាន់មាត់ ដោយ​ការហួសចិត្ត​ថា មិនគួរណា​មុខមាត់​ស្អាត​និង​ស្លូតបូត បែរជា​មក​ធ្វើ​រឿង​ឆក់​ប្លន់ និង​ខ្លះ​ទៀតថា ធ្វើ​ដល់​ជាតា​រា TikTok តែ​ដាច់យ៉ៃ​បែកគំនិត​ចង់​មាន​ឆាប់​ទើប​លេង​ផ្លូវ​កាត់ ជាដើម។

ក្រោយ​ទទួលបាន​ភាព​ស្អាតស្អំ​ត្រលប់​មកវិញ  ពេលនេះ​លោក​បាន​ចេញមក​បកស្រាយ​និង​បញ្ជាក់​ការពិត​ឱ្យ​គ្រប់គ្នា​បាន​យល់​និង​ដឹងថា លោក​មិនបាន​ពាក់ព័ន្ធ​ជាមួយ​ករណី​ខាងលើ​នេះឡើយ។ ករណី​ដែល​កើតឡើង​រហូតដល់​ខ្លួន​ជាប់​សង្ស័យ​នេះ ក៏​ដោយសារតែ​ជន​ដែល​បាន​លួច​ទូរស័ព្ទ​ពី​ជនរងគ្រោះ​នោះបាន​យក​ទូរ​ព័​ស្ទ​មកឱ្យ​ខ្លួន​ជួសជុល​ដោះ​កូដ​ទូរស័ព្ទ ហើយ​ក្នុង​នាង​ម​ជាជាង​ជួសជុល​បានធ្វើ​ទៅតាម​តួនាទី​ប៉ុណ្ណោះ។

ក្រោយពី​បញ្ជាក់​ភាព​ស្អាតស្អំដោយ​សំអាងថា ​រឿង​គ្រប់យ៉ាង​គឺជា​ការយល់ច្រឡំ លោក ចាន់ តុលា បាន​អំពាវនាវ​ឱ្យ​មហាជន​ឈប់​បន្ត​យល់ច្រឡំ​ចំពោះ​លោក​ទៀត។ ក្នុងឱកាស​នោះ​លោក ក៏​ឆ្លៀតឱកាស ប្រកាស​ដែរ​ថា លោក​ក៏មាន​បំណង​ចិត្ត​ចង់​ចូលប្រឡូក​ការសម្ដែង​ក្នុង​វិស័យ​សិល្បៈ​ឱ្យ​ពេញដៃពេញជើង ព្រោះនេះ​ជា​ចំណូលចិត្ត​របស់លោក​ដែលមាន​យូរណាស់​មកហើយ ប៉ុន្តែ​មិនទាន់មាន​ឱកាសល្អ​ហុច​ឱ្យ​នៅឡើយ។

សូមជម្រាបថា លោក​ក៏បាន​ទទូច​សុំ​ឱកាស​ពី​ផលិករ​ឱ្យ​ខ្លួន​បាន​ចូលរួម​សម្ដែង បើទោះបី​ត្រូវ​ចាប់ផ្ដើម​ពី​តួ​តូចតាច​បែបណាក៏ដោយ ព្រោះ​វា​គឺជា​សេចក្ដី​ស្រមៃ​របស់ខ្លួន។ តុលា បាន​បញ្ជាក់ដែរថា​នេះ​គឺជា​ឱកាស​មួយ​ល្អ​សម្រាប់​ខ្លួន​លោក​ដើម្បី​បាន​ស្ដារ​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​ដែល​ញាំញី​ដោយ​ការយល់ច្រឡំ​ផង និង​ជា​ឱកាស​ដើម្បី​ស្ដារ​ជីវភាព​ប្រចាំថ្ងៃ​ផង៕

Share.