សមត្ថកិច្ចបានកំណត់មុខសញ្ញាលើខ្មាន់កាំភ្លើងដែលបានបាញ់បោះសេរី នៅលើខ្នងភ្នំគិរីរម្យហើយ និងកំពុងបន្ដនីតិវិធី។ ជុំវិញករណីនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឲ្យដឹងថា លោកមិនលូកដៃនៅក្នុងកិច្ចការរបស់សមត្ថកិច្ច និងតុលាការខេត្តនោះទេ ប៉ុន្ដែបានពន្យល់បន្ថែមជុំវិញករណីថា សកម្មភាពនេះអាចនឹងមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ ឬការអនុវត្តវិន័យកងកម្លាំងលេខ ០០៦។ 

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ)

លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា ការងារទាំងនេះគឺស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បាននឹងកំពុងដំណើរការនីតិវិធីហើយ។ ក្រោយពីបញ្ចប់នីតិវិធីគឺខាងស្នងការដ្ឋាននគរបាលនឹងធ្វើរបាយការណ៍មកអគ្គស្នងការនគរបាល ហើយបន្ដសុំគោលការណ៍សម្រេចពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ប្រសិនបើការរកឃើញមានទាំងភស្ដុតាងនិងការចង្អុរបង្ហាញផ្សេងៗ អ្នកប្រព្រឹត្តិនឹងប្រឈមនឹងការដាក់ពិន័យកងកម្លាំង ០០៦ ដែលការពិន័យមានដូចជាការដកហូតឋាន្ដរស័ក្ដិ ការបណ្ដេញចេញពីតួនាទី ឬក្របខ័ណ្ឌជាដើម (ការលើកឡើងនេះជាករណីទូទៅ)។ យ៉ាងណាមិញ បើការដាក់ទោសរដ្ឋបាលហើយក្ដី ក៏នៅប្រឈមទោសព្រហ្មទណ្ឌផ្សេងទៀត ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។ 

នៅត្រង់នេះគេនឹងពិនិត្យលើអាវុធកាន់កាប់តើជាអាវុធកាន់កាប់ដោយមានច្បាប់ឬមិនមានច្បាប់? ឧទាហរណ៍ថាការកាន់កាប់អាវុធនោះស្របច្បាប់ក្ដី គេនឹងសិក្សាលើការបាញ់បោះនោះស្របឬមិនស្របច្បាប់ទៀត មានន័យថាការបាញ់នៅក្នុងអំឡុងបំពេញភារកិច្ច ឬបាញ់នៅក្នុងកម្រិតកម្សាន្តសប្បាយ (ស្ដារកាណុង និងបង្ហាញអានុភាពរបស់ខ្លួនគឺជាអំពើខុសច្បាប់ទាំងអស់) ដែលករណីនេះស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការខេត្តកំពង់ស្ពឺនឹងចាត់នីតិវិធី។

ជុំវិញករណីខាងលើនេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣ ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានប្រាប់សារព័ត៌មានក្នុងស្រុកថា “កំណត់មុខសញ្ញាបានហើយ កំពុងបន្តនិតិវិធី”។ ការកំណត់មុខសញ្ញាបាននេះកើតមានបន្ទាប់ពីសមត្ថកិច្ចបានចុះស្រាវជ្រាវភ្លាម ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងប្រមាណជាង២០០គ្រាប់ឋ បន្ទាប់ពីសាក្សីក្បែរហេតុការណ៍បានលាន់លឺស្នូរកាំភ្លើងចេញពីកន្លែងផ្ទះលំហែរលើខ្នងភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ២០២៣។

បើផ្អែកតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កម្លាំងជំនាញ បានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១.១១.២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ ។

តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ទាំង ០២នាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុ ថានៅថ្ងៃទី១១.១១.២០២៣ វេលាម៉ោងប្រហែល១២:០០នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លៀងចាន-ឆ្នាំង អោយគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះ របស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា កំពុងសំរាកស្រាប់តែនៅវេលាម៉ោងប្រហែល ២១:០០នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់បានលឺសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកអោយតែម្ចាស់ផ្ទះអោយតែមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។

តាមការបំភ្លឺពីឈ្មោះ អ៊ុ សាង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦:៣០នាទី រូបគាត់កំពុងធ្វើការ(ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។

របាយការណ៍បានបន្តថា វត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុរួមមាន៖

-សំបកគ្រាប់កាំភ្លើងខ្លីចម្រុះចំនួន ១១២គ្រាប់

-សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់

-សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់៕

Share.