សិល្បៈជាតិ៖ ម៉ា​មី ដ៏​មាន​ឥទ្ធិពល​របស់​អង្គការ PSE គឺ​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យែ​រ ដែលជា​សហ​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ អាច​អាច​ទាញ​តារា​ល្បី​លំដាប់​ពិភពលោក​ឱ្យចូល​រួមសហការ​ជួយ​កុមារ​កម្ពុជា​រាប់ពាន់នាក់។

បើតាម​ការ​បង្ហោះ​ឡើង​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​អង្គការ ប៉េ អេស អឺ នាពេលថ្មីៗនេះបានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លង អង្គការ​បានទទួល​ស្វាគមន៍​ដំណើរ​មកដល់​នៃ​ក្រុមការងារ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​សាខាប្រទេស​ស្វី​ស​រយៈពេល​ពេញ​មួយ​សប្ដាហ៍​ក្នុង​មណ្ឌល​ដោយផ្ទាល់។ ហើយ​ក្នុងចំណោម​ក្រុមការងារ​ប្រទេស​ស្វី​ស ក្នុងនោះ​ក៏មាន​វត្តមាន Chef Marco Brüschweiler ដែល​ត្រូវជា​ឪពុក​របស់​តារាចម្រៀង​ស្រី Lisa នៃ​ក្រុម​ចម្រៀង ​Blackpink បានមក​ទស្សនា​មណ្ឌល​ដោយផ្ទាល់ ចូលរួម​ចម្អិនម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​ជាមួយ​សិស្ស​មកពី​សាលា​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ ជូន​កុមារ​កម្ពុជា​រាប់ពាន់នាក់ ព្រមទាំង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហគមន៍​របស់​អង្គការ​ថែមទៀត​ផង។

តាមរយៈ​ដំណើរ​របស់ Chef Marco Brüschweiler ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​នាង Lisa Lalisa សមាជិក​ក្រុម​ចម្រៀង Blackpink មកកាន់​កម្ពុជា​លើក​នេះ តារាចម្រៀង​ស្រី​ដើមកំណើត​ថៃ បាន​ជួយឧបត្ថម្ភ​ដល់​អង្គការ PSE ព្រមទាំង​ផ្ញើ​សារ​មកកាន់​កុមារ​ទាំងអស់​ថា ៖ «ទោះបីជា​ផែនការ និង​សុបិន​របស់​អ្នក​សម្រាប់​អនាគត​បែបណាក៏ដោយ ចូរ​ចងចាំ​ថា៖ កុំ​បោះបង់​ឱ្យសោះ ទោះបីជា​បញ្ហា​តែងតែ​កើតឡើង​ក្នុង​ដំណើរ​ជីវិត​អ្នក​ក៏ដោយ»។

រគត់សម្គាល់​ដែរ​ថា តាមរយៈ​សកម្មភាព​មួយនេះ លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យែ​រ ពិតជា​ស័​ក្ដ​សម​ណាស់​នឹង​ទទួលបាន​កិត្តិនាម​ជា​ស្ត្រី​កំពូល​មួយរូប​ដ៏​មាន​ឥទ្ធិពល ក្នុង​ការផ្ដល់​ស្នាមញញឹម និង​ជួយ​ស្រោចស្រង់​ដល់​កុមារ​កម្ពុជា​រាប់ពាន់នាក់ ដែល​កំពុងតែ​ប្រឈម​នឹង​ស្ថានភាព​កំព្រា​ឪពុកម្ដាយ ការរំលោភបំពាន និង​ការបង់​បោះចោល​ការសិក្សា ជាដើម។

សូមជម្រាបថា ជា​រៀងរាល់ថ្ងៃ អាហារ​ចំនួន ៧០០០ចាន ត្រូវបាន​រៀបចំ និង​ចែកចាយ​ដោយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ។ អាហារ​នេះ​គឺជា​សម្រាប់​កុមារតូចៗនៅក្នុង​អង្គការ​បរិភោគ​មួយពេល​តែប៉ុណ្ណោះ។ ពួកគេម្នាក់ៗកំពុង​ត្រូវការ​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​ការលូតលាស់។

គួរ​ដឹង​បន្ថែមថា អង្គការ​ដើម្បី​ស្នាមញញឹម​នៃ​កុមារ ឬ For a Child’s Smile ត្រូវបាន​បង្កើតឡើង​ដោយ​លោក គ្រិស្ត​ស្យ​ង់ ដេ​ប៉ា​លី​យែ​រ (Christian des Pallieres) និង​ភរិយា​របស់លោក​គឺ​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យែ​រ (Marie-France des Pallieres ) រយៈពេល ២៨ ឆ្នាំ​ហើយ តាំងពី​ឆ្នាំ ១៩៩៥ មកម្ល៉េះ។ អ្នក​ទាំង​ពីរបាន​រៀបការ​នៅ​ឆ្នាំ១៩៦៤ និង​កូន​ទាំងអស់៤នាក់ ហើយ​បាន​សម្រេចចិត្ត​ធ្វើដំណើរ​មក​បម្រើ​ការងា​រ​នៅ​ប្រទេស​កម្ពុជា​ដំបូង​នៅ​ឆ្នាំ១៩៩៣ ជាមួយនឹង​អង្គការ Sipar។ ជា​អកុសល លោក  គ្រិស្ត​ស្យ​ង់ ដេ​ប៉ា​លី​យែ​រ បានទទួល​មរណភាព ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយ​ជរាភាព ក្នុង​ជន្មាយុ ៨២ឆ្នាំ។ ទោះជា​ស្វាមី​បានទទួល​អនិច្ចកម្ម​ក្ដី ក៏​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ នៅតែ​បន្ត​បេសកកម្ម​ផ្ដល់​ស្នាមញញឹម​ដល់​កុមារ​កម្ពុជា​រហូតមក៕

Share.