បាត់ដំបង៖ នគរបាលគ្រោងនាំខ្លួនជនសង្ស័យ៣នាក់ទៅកាន់សាលាដំបូងខេត្តក្នុងរឿងប្រច័ណ្ឌហើយបានសម្លាប់បុរសម្នាក់ដែលចូលជ្រៀតជ្រែក្នុងគ្រួសារស្នេហាត្រីកោណ។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា ការបញ្ជូនខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់គ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី១៧ ឬនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២៣នេះ ក្រោយករណីឃាតកម្មគិតទុកជាមុនដោយប្រើកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះបានបង្កឡើងកាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនៅត្រង់ចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនដៃដល់មានឈ្មោះយឿម ម៉ែន ភេទប្រុស អាយុ២១ឆ្នាំ និងបក្សពួក២នាក់ទៀតឈ្មោះសឿប ស៊ីតង ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះវី ខេត ហៅ វ៉ា ភេទប្រុស អាយុ២០ឆ្នាំ ទាំង៣នាក់មានទីលំនៅក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ មុនកើតហេតុ នៅព្រលប់ថ្ងៃកើតហេតុជនសង្ស័យទាំង ០៣នាក់ បានជិះម៉ូតូ០២គ្រឿង ទៅធ្វេីទៅយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ ធឿម ចំរេីន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិកូនក្អែក២ ឃុំរបស់មង្គល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយរបួសហូរឈាម រហូតដល់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។

ប្រភពខាងលើបានបន្ថែមថា ដើមហេតុដែលនាំឱ្យកើតឡើងនូវអំពើឃាតកម្មគិតទុកជាមុននេះដោយសារតែជនសង្ស័យឈ្មោះ យឿម ម៉ែន បានផ្ទុះកំហឹងទៅលើជនរងគ្រោះបន្ទាប់ពីបានទាក់ទងស្នេហាជាមួយប្រពន្ធរបស់ខ្លួនកន្លងមក៕

អត្ថបទ៖ ដំបងក្រញូង

Share.