ឌី សូនិត្តា គឺតារា​សម្ដែង ពិធីការនី ដ៏មានសមត្ថភាព​ និង​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​ក្នុង​រង្វង់​សិល្បៈ។ មិន​ត្រឹម​តែ​មាន​​ជា​អ្នក​សិល្បៈ​ដ៏​ជោគជ័យ​នោះ​ឡើយ ប៉ុន្តែ​អ្នក​នាង​ក៏​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​និង​ស្ដុកស្ដម្ភមួយ​រូប​ផង​ដែរ​។ ថ្វី​ត្បិត​ជីវិត​បច្ចុប្បន្ន​របស់​អ្នក​ម្ដាយ​កូន​មួយ​រូប​នេះ​មាន​ពន្លឺ​ និងស្រស់​បំព្រង​ក្ដី ប៉ុន្តែ​យូរៗ​ម្ដង​អ្នក​នាង​ក៏​មិន​អត់ជួបទុក្ខ​ និង​ឆ្លង​ឧបសគ្គ​ក្នុង​ជីវិត​នោះដែរ ដូច​ជា​រឿង​រ៉ាវ​ដែល​ទើប​នឹង​កើត​ឡើង​ថ្មីៗ​ដែល​អ្នក​នាង​ត្រូវ​បាន​អ្នក​ជិត​ខាង​ គប់​ដុំ​ថ្ម និង​វិះ​ចូល​ផ្ទះ​ រហូត​ដល់​បែក​កញ្ចក់​ផ្ទះ​ តែ​សំណាង​ល្អ​ ដែល​មិន​មាន​អ្នក​ណា​រងរបួស​។

ជីវិត​របស់​មនុស្ស​យើង​អ្នក​ណា​ក៏​មាន​ទុក្ខ​ដែរ ហើយ​មាន​តែ​មនុស្ស​ខ្លួន​ឯង​ប៉ុណ្ណោះដែល​ដឹង​ថា​ទំហំ​ទុក្ខ​របស់​ខ្លួន​លំបាក​យ៉ាង​ណា​នោះ​ ដូច​គ្នា​នឹង​អ្នក​នាង​ ឌី សូនិត្តា ដែរ​ នៅពេល​ដែល​អ្នក​នាង​ បាន​ឃើញ​កញ្ចក់​បែក​បាក់​មួយ​នៅ​លើ​គំនរ​សំរាម ស្រាប់​តែ​ធ្វើ​ឱ្យ​អ្នក​នាង​ នឹក​ស្រណោះ​ខ្លួន​ ព្រោះ​តែ​ជីវិត​របស់​អ្នក​នាង​ ក៏​មិន​ពេញ​លេញ​ប្រៀប​ដូចជា​កញ្ចក់​បែក​បាក់​ដែល​គេ​យក​ទៅ​ចោល​លើ​គំនរ​សំរាម​នោះ​ដែរ​។ ​

អ្នក​នាង​បាន​រៀបរាប់​ថា​៖ «ដើរកាត់កញ្ចក់មួយផ្ទាំងដែលបែកជាចំណែកហើយគេយកមកចោលនៅគំនរសំរាម ក្រឡេកឃើញរូបខ្លួនឯងក៏ភ្ញាក់ព្រើត ឃើញកញ្ចក់មួយផ្នែកនៅស្អាតល្អ ចៃដន្យដៃកំពុងកាន់ទូរស័ព្ទស្រាប់ក៏ទាញយកមកថត ។ អ្វីដែលធ្វើឱ្យអារម្មណ៍ប្រែមួយរំពេចទឹកភ្នែកក៏ស្រក់ចុះកាត់ម៉ាស់ដែលកំពុងពាក់ ស្រាប់តែនឹកឃើញរឿងគ្រប់យ៉ាងដែលខ្លួនធ្លាប់ឆ្លងកាត់ នៅពីក្រោយភាពស្រស់ស្អាត ក៏មានភាពឈឺចាប់ នៅពីក្រោយភាពឈឺចាប់ ក៏មានក្តីសង្ឃឹម នៅពីក្រោយក្តីសង្ឃឹមក៏មានភាពរឹងមាំ នៅពីក្រោយភាពរឹងមាំក៏ត្រូវការការតស៊ូ»។ 

ទោះ​ជាជីវិត​ជួបនឹង​បញ្ហា​យ៉ាងណា​ក៏​ដោយ​ អ្នក​ម្ដាយ​រូប​នេះ​នៅ​តែ​បន្តឈរ​យ៉ាង​រឹងមាំ មិន​ព្រម​ចុះ​ចាញ់​នឹងបញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ​នោះ​ឡើយ។​ រឿង​មួយ​ដែល​អ្នក​នាង​ ឌី សូនិត្តា ផ្ដល់​ជា​តម្លៃ​អប់រំ​សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់​ឬអាន​សំណេរ​របស់​ខ្លួន​គឺ៖ «ជីវិតវាពិតជាដូចកញ្ចក់មួយផ្ទាំងនេះ បើអ្នកមិនចេះច្នៃខ្លួនឲមានតម្លៃ អ្នកក៏ស្ថិតនៅទីតាំងនេះ កញ្ចក់មួយបំណែកវាអាចផ្លាស់ប្តូរជីវិតអ្នកបានបើអ្នកចេះច្នៃវាឲមានប្រយោជន៍។ វាសនាមើលមិនឃើញទេ សូមកុំថ្កោលទោសរឺបន្ទាបតម្លៃខ្លួនឯងតាមមាត់អ្នកដទៃ»

មែនទែន​ទៅ ឌី សូនិត្តា គឺជា​មនុស្ស​ស្រី​​ម្នាក់ដែល​មាន​ការ​តស៊ូ អំណត់អត់ធន់ ទោះ​បី​មាន​ឈ្មោះ​ជា Single Mom ក្ដី ប៉ុន្តែ​អ្នក​នាង មិន​បណ្ដោយ​ឱ្យ​ជីវិត​ធ្លាក់​ទៅ​ក្នុងជ្រោះ​ព្រោះ​តែ​សម្ដី​អ្នក​ដទៃ​ ឬ​មជ្ឈដ្ឋាន​ជុំវិញ​ដែរ​ ដែល​នេះ​គឺជា​ឧទាហរណ៍មួយ​យ៉ាងល្អ​ដែល​គួរ​ឱ្យ​យក​គំរូតាម​៕

Share.